ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ៖ ទោះជាកម្ពុជាប្រឈមនឹងភាពមិនប្រាកដប្រជា ក៏រដ្ឋាភិបាលធានាឱ្យបាន នូវការអភិវឌ្ឍលើគ្រប់វិស័យ
ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងថា ទោះជាកម្ពុជាប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ក្ដី ក៏រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានបន្តប្ដេជ្ញាចិត្តឥតងាករេ ក្នុងការធានាឱ្យបាននូវសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

ក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» នាថ្ងៃទី៩ តុលា លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា បច្ចុប្បន្ន កម្ពុជាកំពុងតែប្រឈមមុខនឹងភាពមិនប្រាកដប្រជានៃស្ថានភាពតំបន់និងសកល, បញ្ហាភូមិសាស្រ្តនយោបាយ, ការបែកខ្ញែកនៃសេដ្ឋកិច្ចសកល ក៏ដូចជាការចាប់ផ្តើមងាកមកឯកតោភាគីនិយមរបស់បណ្តាប្រទេសមួយចំនួន ដោយក្នុងនោះមានដៃគូពាណិជកម្មរបស់កម្ពុជាខ្លះផង ហើយកម្ពុជាក៏កំពុងរងសម្ពាធនៃភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ ដែលជំរុញឱ្យមានការរឹតបន្តឹងលើការឆ្លងកាត់ព្រំដែន ពាណិជ្ជកម្ម ការនាំចូល និងការនាំចេញ។

បន្ថែមលើនេះ ការសម្រេចដាក់ពន្ធ ១៩% របស់សហរដ្ឋអាម៉េរិកមកលើការនាំចេញរបស់កម្ពុជា បាននិងកំពុងបន្តបង្កើតភាពមិនច្បាស់លាស់លើវិស័យនាំចេញរបស់កម្ពុជា ក៏ដូចជាការទាក់ទាញការវិនិយោគថ្មីៗទៀត ទោះបីជាក្នុងពេលចំពោះមុខនេះ កម្ពុជានៅគ្រប់គ្រងស្ថានការណ៍បានល្អនៅឡើយ។ ការណ៍នេះទាមទារការដាក់ចេញនូវវិធានការគន្លឹះ ជាពិសេសការកែទម្រង់មុតស្រួចតាមវិស័យសំខាន់ៗដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ សំដៅធានាថា កម្ពុជានឹងបន្តឈរលើមាគ៌ាអភិវឌ្ឍន៍យ៉ាងរឹងមាំ និងធានាបាននូវកំណើនប្រកបដោយចីរភាព និងសមធម៌ទូលំទូលាយសម្រាប់ជាតិ និងប្រជាជន។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ថា «ទោះជាកម្ពុជាប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ក្ដី, រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តប្ដេជ្ញាចិត្តឥតងាករេ ក្នុងការធានាឱ្យបាននូវសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ»។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បន្ដថា ហើយជាលទ្ធផល កម្ពុជាបានទទួលនូវផ្លែផ្កាមួយចំនួន ដូចជា ការបន្ដសម្រេចបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ២០២៤ ប្រមាណ ៦% និងរំពឹងថាបន្ដកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៥% ក្នុងឆ្នាំ២០២៥, ផ.ស.ស. សម្រាប់ប្រជាជនម្នាក់បានកើនឡើងពី ២ ៥២០ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ ដល់ ២ ៧១៣ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤ និងក្នុងឆ្នាំ២០២៥នេះ នឹងឡើងជិតដល់ ៣ ០០០ ដុល្លារអាម៉េរិក»៕
