រដ្ឋមន្រ្តីសុខាភិបាល ៖ ការសិក្សា ដើម្បីប្រយោជន៍អ្នកជុំវិញ គ្រួសារ និងសង្គម
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុង “ពិធីប្រគល់សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ជូនដល់និស្សិតសាលាសុខភាពសាធារណៈ នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ»នាថ្ងៃ៩ តុលា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ការសិក្សា គឺដើម្បីប្រយោជន៍អ្នកជុំវិញ ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។


ពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើកទី៥របស់សាលាសុខភាពសាធារណៈនេះ ប្រារព្ធឡើងដើម្បីអបអរសាទរដល់និស្សិតជ័យលាភីចំនួន៣៥រូបដែលបានបញ្ចប់ការសិក្សាដោយជោគជ័យថ្នាក់៖ បរិញ្ញាបត្រជាន់ខ្ពស់សុខភាពសាធារណៈ បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រផ្នែកអេពីដេមីសាស្ត្រ បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រផ្នែកអាហាររូបត្ថម្ភ បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងរដ្ឋបាលមន្ទីរពេទ្យ និងបរិញ្ញាបត្រជាន់ខ្ពស់សុខភាព និងអភិវឌ្ឍន៍សហគមន៍។
សាស្រ្តាចារ្យបញ្ជាក់ថា និស្សិតជ័យលាភីទាំងអស់ដែលចំណាយពេលមកសិក្សានេះ មិនត្រឹមតែជាការលះបង់របស់ខ្លួនឯងនោះទេ តែជាការលះបង់របស់ក្រុមគ្រួសារផងដែរ ទាំងពេលវេលា ទឹកចិត្ត និងថវិកា ដើម្បីជាអត្ថប្រយោជន៍អ្នកនៅជុំវិញខ្លួន និងសង្គមជាតិទាំងមូល។

សាស្ត្រាចារ្យរដ្ឋមន្ត្រីបន្ថែមថា ការកសាងប្រទេសជាតិ គឺចាប់ពីខ្លួនម្នាក់ៗ។ ការប្រើប្រាស់ចំណេះជំនាញដែលទទួលបានពីការសិក្សាដែលបញ្ជាក់ដោយសញ្ញាបត្រមួយសន្លឹកនេះ ទៅបម្រើប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ក្នុងគោលបំណងធ្វើឱ្យសុខភាពរបស់ពួកគាត់កាន់តែល្អប្រសើរ វាជាការចូលរួមចំណែកកសាងប្រទេសជាតិ។

ឆ្លៀតក្នុងឱកាសនេះ សាស្ត្រាចារ្យ បានផ្តល់អនុសាសន៍ដល់វិទ្យាស្ថានជាតិសុខភាពសាធារណៈ ដើម្បីប្រែក្លាយខ្លួនឱ្យទៅជាគ្រឹះស្ថានឧត្តមសិក្សាមួយដែលផ្តល់ការបណ្តុះបណ្តាលជំនាញសុខភាពសាធារណៈប្រកបដោយគុណភាព និងទទួលស្គាល់ទាំងថ្នាក់ជាតិនិងអន្តរជាតិ គឺប្រឹងប្រែងយកការទទួលស្គាល់គុណភាពលើគ្រប់កម្មវិធីសិក្សាដែលនាយកដ្ឋានជំនាញរបស់ក្រសួងសុខាភិបាលកំពុងរៀបចំនីតិវិធីវាយតម្លៃ។ ទន្ទឹមនឹងនេះ ត្រូវប្រឹងប្រែងយកការទទួលស្គាល់គុណភាពជាលក្ខណៈអន្តរជាតិផងដែរ ។ បង្កើនចំនួននិស្សិតបញ្ចប់ការសិក្សាដោយជោគជ័យប្រកបដោយគុណភាព ឱ្យបានច្រើនជាងនេះ ។ បង្កើនចំនួនគ្រូបណ្តុះបណ្តាលដែលមានគុណវុឌ្ឍិ និងបទពិសោធន៍ ជាពិសេសមានសញ្ញាបត្រថ្នាក់បណ្ឌិតឱ្យបានច្រើននិងធ្វើបរិវត្តកម្មឌីជីថលលើដំណើរការគ្រប់គ្រងសាលា ការបង្ហាត់បង្រៀន និងការសិក្សាប្រកបដោយភាពនវានុវត្តន៍៕








