ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ស ថេត ណែនាំប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ថ្មី ត្រូវលើកកម្ពស់ប្រសិទ្ធភាពការងារ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានផ្ដល់អនុសាសន៍ណែនាំមួយចំនួនដល់ លោកឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ទើបត្រូវបានប្រកាសចូលកាន់តំណែងជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវ និងលើកកម្ពស់ប្រសិទ្ធភាពការងារ ស្របតាមអ្វីដែលជាតួនាទីភារកិច្ច និងឲ្យសាកសមអ្វីដែលរាជរដ្ឋាភិបាលប្រគល់ជូន។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មានជំនឿចិត្តយ៉ាងមុតមាំថា ប្រធាននាយកដ្ឋានកណ្ដាលថ្មី នឹងខិតខំពុះពារដឹកនាំអង្គភាព ឲ្យបានល្អ និងទទួលបានជោគជ័យដូចអ្វីដែលបានធ្វើការប្តេជ្ញាចិត្ត។

អគ្គស្នងការដ្ឋាននគរបាលជាតិ មាននាយដ្ឋានកណ្ដាលចំណុះចំនួន៥ ដែលក្នុងនោះ នាយដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ គឺជាអង្គភាពដ៏សំខាន់មួយដែលមាននាយកដ្ឋាន និងមន្ទីរចំណុះចំនួន៥ គឺនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នាយកដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា យោងតាមភារកិច្ចដែលបានកំណត់ អង្គភាពទាំងនេះត្រូវគ្រប់គ្រង ដឹកនាំ បញ្ជា និងចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការ នៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងមនុស្សទូទៅ មានជាអាទិ៍បទឧក្រិដ្ឋ បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ អំពីជួញដូរមនុស្ស អាជីវកម្មផ្លូវភេទលើនីតិជន និងអនីតិជន បទល្មើសគ្រឿងញៀន អំពើវិច្ឆេទកម្មសេដ្ឋកិច្ច និងបទល្មើសសេដ្ឋកិច្ចគ្រប់ទម្រង់ រួមទាំងការធ្វើកោសល្យវិច័យវិទ្យាសាស្ត្រនានា ដើម្បីបម្រើឲ្យការងារជំនាញ។

នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា ទាំងនេះ គឺជាកិច្ចការងារមួយមានវិសាលភាពធំធេង ដែលទាមទារឲ្យថ្នាក់ដឹកនាំគ្រប់កម្រិត មានសមត្ថភាព ចំណេះដឹង ជំនាញ បទពិសោធ ទេព្យកោសល្យ ស្មារតីម្ចាស់ការទទួលខុសត្រូវ និងការប្ដេជ្ញាចិត្តខ្ពស់ ដើម្បីបំពេញបេសកម្ម ស្នូលដ៏មានសារៈសំខាន់នេះ ក្នុងការធានាបាននូវសុវត្ថិភាព និងសុខុមាលភាព ជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល៕

To Top