ព័ត៌មានជាតិ

លោក ហួត ហាក់៖​ ជើងហោះត្រង់ពីទីក្រុង Istanbul មកភ្នំពេញ របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំ Turkish Airlines ជាសមិទ្ធិផលថ្មី សម្រេចបានដោយរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​​ បានគូសបញ្ជាក់ថា ការហោះត្រង់ពីទីក្រុង Istanbul មករាជធានីភ្នំពេញ​ របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំ Turkish Airlines ជាសមិទ្ធិផលថ្មី និងមានសារៈសំខាន់ ដែលសម្រេចបានដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចធិបតី នាយករដ្ឋមន្រ្តី និងការប្រឹងប្រែងរួមគ្នា រវាងភាគីដែលពាក់ព័ន្ធទាំងអស់ទាំងកម្ពុជា និងតួកគីយ៉េ ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាគណៈអធិបតីជាមួយ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស្រី ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគីយ៉េ និងលោក Bilal Ekşi នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំ Turkish Airlines ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប ចូលរួមកម្មវិធីសម្ពោធការហោះហើរត្រង់ដំបូង រវាងទីក្រុង Istanbul នៃសាធារណរដ្ឋតួកគីយ៉េ និងរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នាអាកាសយានដ្ឋានអន្តរជាតិតេជោ។

លោករដ្ឋមន្ត្រី បញ្ជាក់ថា សមិទ្ធិផលប្រកបដោយផ្លែផ្កា និងមានសារៈសំខាន់នេះ គឺអាចសម្រេចបានតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ព​ស់​ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការចូលរួមយ៉ាងសកម្ម និងពុំចេះនឿយហត់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាប្រព័ន្ធជវភាពនៃតួអង្គតែមួយ ចាប់ពីក្រសួង-ស្ថាប័នមានសមត្ថកិច្ចក្រោមដំបូលរាជរដ្ឋាភិបាល កិច្ចសហប្រតិបត្តិការដ៏ល្អពីរដ្ឋាភិបាល នៃសាធារណរដ្ឋតួកគីយ៉េ លោកជំទាវឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំកម្ពុជា ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ប្រតិបត្តិករទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងប្រជាជននៃប្រទេសទាំងពីរផងដែរ។

តាមរយៈការតភ្ជាប់ជាមួយក្រុមហ៊ុនអាកាសចរណ៍ ដែលហោះហើរជាមួយគោលដៅ ជាង៣៥០កន្លែង ក្នុង១៣០ប្រទេសជុំវិញពិភពលោកមួយនេះ សក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជា នឹងត្រូវបានយកទៅផ្សព្វផ្សាយជុំវិញពិភពលោក ហើយនឹងនាំមកនូវភ្ញៀវទេសចរ និងវិនិយោគិនពីគ្រប់ទិសទី នៃពិភពលោកមកកាន់កម្ពុជាយ៉ាងពិតប្រាកដ៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top