សម្តេចតេជោ យល់ទុក្ខលំបាករបស់វីរយុទ្ធជនកម្ពុជា១៨រូបបែកបាក់ពីគ្រួសារ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានយល់ពីទុក្ខលំបាករបស់វីរយុទ្ធជនកម្ពុជាទាំង១៨រូបដែលបានបែកបាក់ពីក្រុមគ្រួសារ អស់រយៈពេលប្រមាណជា៥ខែ ក្រោយយោធាថៃចាប់ឃុំខ្លួន បន្ទាប់បទឈប់បាញកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោបានឲ្យដឹង ក្រោយបញ្ចប់ពិធីជួបសំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយវីរយុទ្ធជនកម្ពុជាទាំង១៨រូប ដែលបានធ្វើមាតុភូមិនិវត្តន៍មកមាតុប្រទេសវិញដោយសុខសុវត្ថិភាពវិញ នាព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ថា សម្តេចតេជោ បានបង្ហាញអារម្មណ៍យល់ពីទុក្ខលំបាករបស់យុទ្ធជនទាំង១៨រូបដែលបែកបាក់ពីក្រុមគ្រួសារចំនួន១៥៥ថ្ងៃកន្លងមក ព្រោះសម្តេចផ្ទាល់ក៏ធ្លាប់បានជួបប្រទះរឿងបែកបាក់ពីក្រុមគ្រួសារដូចគ្នា ។
អ្នកនាំពាក្យបញ្ជាក់ថា “ក្នុងឱកាសនោះ សម្តេចតេជោបានបង្ហាញពីការយល់អំពីអារម្មណ៍ដូចជាក្រុមគ្រួសារនូវការលំបាកនូវទុក្ខសោក នៃការព្រាត់ប្រាស់គ្នា ដោយសារសម្តេចផ្ទាល់បានបានឆ្លងកាត់បទពិសោធន៍នៃការព្រាត់ប្រាស់គ្រួសារ កាលពីពេលដែលសម្តេចយកជីវិតជាដើមទុក ដើម្បីរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ។ ដូច្នេះសម្តេចបានយល់នូវការលំបាករបស់ក្រុមគ្រួសារ យល់នូវការលំបាករបស់វីរយុទ្ធជនរបស់យើង”។
សម្តេចតេជោ ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់លើវីរកងទ័ពកម្ពុជាទាំង១៨រូប រហូតបានស្វះស្វែងអន្តរាគមន៍ជួយពួកគាត់ឲ្យបានវិលត្រឡប់មកមាតុប្រទេសវិញ ។ ក្នុងនោះ សម្តេចតេជោផ្ទាល់ក៏បានតាមដានដោយយកចិត្តទុកដាក់លើវីរកងទ័ពទាំង១៨រូបផងដែរ ។
សូមរំលឹកថា វីរកងទ័ពកម្ពុជាដែលត្រូវបានយោធាថៃចាប់ឃុំខ្លួនអស់រយៈពេល១៥៥ថ្ងៃកន្លងមកនោះ ត្រូវបានដោះលែងមកវិញហើយ កាលពីព្រឹកថ្ងៃទី៣១ ខែធ្នូ ក្រោមការអបអរសាទរយ៉ាងខ្លាំងក្លាពីសំណាកមហាជនខ្មែរគ្រប់ស្រាប់វណ្ណៈ ៕







