ក្រសួងមហាផ្ទៃ ៖ មានជនភៀសសឹកជាង ៥ពាន់នាក់ទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា បើគិតពីម៉ោង ៦ល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដល់ម៉ោង ១រសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២៦នេះ មានជនភៀសសឹក ៥.១៩២នាក់ បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ធ្វើឱ្យជនភៀសសឹកនៅសល់សរុបមានចំនួន ៥១២.២៦៣នាក់។
នេះបើយោងតាម ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង ៦ល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដល់ម៉ោង ១រសៀល ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ចេញផ្សាយដោយ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។

បើតាមក្រសួងមហាផ្ទៃ, វីរយុទ្ធជនកម្ពុជា និងយោធាថៃ បានបន្តអនុវត្តបទឈប់បាញ់ ធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់ពលរដ្ឋភៀសសឹកបានវិលត្រឡប់ទៅ លំនៅឋានវិញជាបណ្តើរៗ ជាពិសេសវីរកងទ័ពទាំង ១៨រូប បានធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព ស្របតាមសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានគាំទ្រជំហរដ៏មោះមុត និងច្បាស់លាស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការអនុវត្តបទឈប់បាញ់ មិនមែនជាការចុះចាញ់ ឬយកបូរណភាពទឹកដី និងអធិបតេយ្យជាតិ ទៅដោះដូរយកសន្តិភាពនោះឡើយ ដោយសង្កត់ធ្ងន់ថា «ខ្សែបន្ទាត់ព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ នៅតែកំណត់ដោយសន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិមានស្រាប់ ដែលកម្ពុជានៅតែរក្សាបានសិទ្ធិពេញលេញក្នុងការ ដោះស្រាយបញ្ហាព្រំដែនអនុលោមតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និងយន្តការទ្វេភាគីជាធរមាន ទាំងឡាយ»៕
