រដ្ឋបាលរាជធានីភ្នំពេញ ផ្តល់ជម្រើស៣ ជូនអ្នកលក់ដូរគ្មានសណ្តាប់ធ្នាប់ លើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ ជុំវិញផ្សារដើមគ
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ពីជម្រើស៣ ទៅកាន់អាជីវករលក់ដូរគ្មានសណ្តាប់ធ្នាប់ លើដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ក្នុងតំបន់ជុំវិញផ្សារដើមគ ។
ជម្រើសលក្ខខណ្ឌមួយចំនួន ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ផ្តល់ជូនអ្នកលក់ដូរ គ្មានសណ្ដាប់ធ្នាប់ នៅលើដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ក្នុងតំបន់ជុំវិញផ្សារដើមគ រួមមាន៖
១. អាចមានជម្រើសផ្លាស់ប្ដូរ ទៅលក់ទៅផ្សារ ដើមគថ្មី ដែលអាជ្ញាធរ ធ្លាប់សម្របសម្រួលជូនកន្លងមក ឫទៅរកទីតាំងឯកជនផ្សេងទៀត ដែលខ្លួនគិតថាងាយស្រួល ប៉ុន្តែមិនមែនលក់លើផ្លូវសាធារណៈ ។
២. ក្នុងដំណាក់កាលនេះ បើបងប្អូនមានបញ្ហាខ្វះខាតជីវភាពខ្លាំង រដ្ឋបាលរាជធានីភ្នំពេញ នឹងជួយទំនុកបម្រុង ជាអង្ករជូន។
៣. មិនត្រូវបន្តលក់ដូរលើដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈដាច់ខាត។
ក្នុងជំនួបជាមួយបងប្អូនអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់ នៅជុំវិញតំបន់ផ្សារដើមគ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កន្លងមកអាជ្ញាធរ បានអត់ធ្មត់បំផុត ចំពោះការលក់ដូរគ្មានសណ្ដាប់ធ្នាប់នេះ ព្រោះគិតពីជីវភាពរបស់បងប្អូន ។ ម្យ៉ាងទៀត ដោយសារពុំទាន់រកទីតាំងសមរម្យ សម្រាប់ផ្លាស់ប្ដូរជូនបាន ។ ប៉ុន្តែពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរកទីតាំងសមស្រប និងមានលក្ខខណ្ឌ អនុគ្រោះជាច្រើនបានហើយ នោះគឺផ្សារដើមគថ្មី ហើយបើបងប្អូន មិនចង់ទៅផ្សារថ្មីនោះ បងប្អូនអាចរកទីតាំងឯកជនណាផ្សេងទៀតក៏បាន តែហាមដាច់ខាត មិនឱ្យលក់លើដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈឡើយ។
ជាមួយគ្នានេះ លោក ឃួង ស្រេង បានអំពាវនាវឱ្យបងប្អូន ចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីលើកកម្ពស់សោភ័ណភាព និងសណ្ដាប់ធ្នាប់សាធារណៈ របស់រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃដដែល ឯកឧត្តមឃួង ស្រេង នឹងអញ្ជើញជួបសំណេះសំណាលសម្រប សម្រួលជាមួយពលរដ្ឋអាជីវករលក់ដូរនៅតាមចិញ្ចេីមផ្លូវ និងទ្រូងផ្លូវ ក្បែរផ្សារដើមគរក្នុងខណ្ឌទួលគោកបន្តទៀតដែរ៕












