ព័ត៌មានជាតិ

ទូតកម្ពុជាប្រាប់ទូតចិនប្រចាំប្រទេសកូរ៉េខាងត្បូង ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល បង្ក្រាបបទល្មើសអនឡាញ

ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានថ្លែងប្រាប់លោក DAI Bing ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំសាធារណរដ្ឋកូរ៉េថា រាជរដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបង្ក្រាបបទលល្មើសអនឡាញនៅកម្ពុជា ។

ការថ្លែងអះអាងរបស់លោក ឃួន ផុនរតនៈ អំពីជំហររឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជានេះ ក្នុងឱកាសនៃជំនួបសម្តែងការគួរសម រវាងឯកអគ្គរាជទូតទាំងពីរ កាលពីពេលថ្មីៗនេះ នៅស្ថានទូតចិន ក្នុងទីក្រុងសេអ៊ូល ។

ឯកអគ្គរាជទូតកម្ពុជាបានបញ្ជាក់ទៅកាន់លោក DAI Bing អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបបទល្មើសអនឡាញក្នុងប្រទេសកម្ពុជា ដោយបានចាប់ខ្លួន និងបញ្ជូនឧក្រិដ្ឋជនទៅប្រទេសកំណើតរបស់ពួកគេដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។

ជាការឆ្លើយតបលោក DAI Bing បានមានប្រសាសន៍ថា លោកពិតជាបានឃើញ និងទទួលស្គាល់នូវកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបបទល្មើសអនឡាញកន្លងមក។

បន្ថែមពីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការថែរក្សាទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ក្នុងភាពជាបងប្អូនល្អ និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានតំណាងនៃប្រទេសទាំងពីរ នៅសាធារណរដ្ឋកូរ៉េផងដែរ៕

To Top