ព័ត៌មានជាតិ

ក្រសួងឧស្សាហកម្ម ណែនាំរោងចក្រ សហគ្រាស អនុវត្តគោលការណ៍ណែនាំប្លង់បច្ចេកទេស ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម

ភ្នំពេញ ៖ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំប្លង់បច្ចេកទេស ប្រកាសស្តីពីប្រព័ន្ធគ្រប់គ្រងការបំពុល និងការគ្រប់គ្រងហានិភ័យនៅក្នុងរោងចក្រ សហគ្រាស និងសិប្បកម្ម ក្នុងគោលដៅពង្រឹងសុវត្ថិភាពឧស្សាហកម្ម។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា «គោលការណ៍ណែនាំទាំងនេះត្រូវបានរៀបចំឡើងដើម្បីត្រួសត្រាយអនាគតនៃការអភិវឌ្ឍឧស្សាហកម្មកម្ពុជា ដោយតម្រង់ទិសឱ្យរោងចក្រ សហគ្រាស និងសិប្បកម្ម រៀបចំប្លង់បច្ចេកទេស ការពារសុវត្ថិភាព និងគ្រប់គ្រងហានិភ័យ ដូចជាការបង្ការអគ្គិភ័យ ការកាត់បន្ថយការបំពុល និងការគ្រប់គ្រងសំណល់ឧស្សាហកម្ម តាមនិយាមរបស់ជាតិ និងឧត្តមានុវត្តន៍ជាអន្តរជាតិ»។

វិស័យឧស្សាហកម្មកម្ពុជាបាន និងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ គិតត្រឹមចុងឆ្នាំ២០២៥ កម្ពុជាមានរោងចក្រធុនធំកំពុងដំណើរការចំនួន ៣,០៨៣ កើនឡើង ៦៥៨ មូលដ្ឋាន ស្មើនឹង ២៧% ធៀបនឹងឆ្នាំ២០២៤។ ទុនវិនិយោគសរុបមានចំនួន ២៥,១៦៨ លានដុល្លារអាមេរិក កើនឡើង ៤,៧១១ លានដុល្លារអាមេរិក ស្មើនឹង ២៣% ក្នុងនោះទុនវិនិយោគក្នុងស្រុកមានចំនួន ៣,៩០៦ លានដុល្លារអាមេរិក ស្មើនឹង ១៥% នៃទុនវិនិយោគសរុប។

ជាមួយនឹងកំណើនទាំងនេះ សុវត្ថិភាពឧស្សាហកម្ម និងអភិបាលកិច្ចល្អក្នុងខ្សែច្រវាក់ផលិតកម្មកាន់តែដើរតួសំខាន់សម្រាប់អនាគតឧស្សាហកម្មកម្ពុជា។ លោក រដ្ឋមន្ត្រី បានបន្ថែមថា «ប្លង់បច្ចេកទេសរោងចក្រដែលបានគិតគូរ និងរៀបចំគ្រប់ជ្រុងជ្រោយ គឺជាខែលការពារដំបូងបំផុត ដែលមិនត្រឹមតែជួយបង្កើនប្រសិទ្ធភាពប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែសំខាន់បំផុតនោះ គឺជួយការពារអាយុជីវិតបងប្អូនកម្មករ-យោជិតរបស់យើង»។

ប្រកាស ស្តីពី ការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំប្លង់បច្ចេកទេសត្រូវបានរៀបចំឡើង ដោយផ្អែកលើច្បាប់ និងបទប្បញ្ញត្តិដែលបានអនុវត្តជាច្រើនទសវត្សរ៍កន្លងមក។ ប្រកាសនេះកំណត់ប្លង់បច្ចេកទេសរោងចក្រដែលមានឯកសណ្ឋានភាព គ្របដណ្តប់លើខ្សែច្រវាក់ផលិតកម្ម គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ប្រព័ន្ធបង្ការអគ្គិភ័យ ច្រកទ្វារជម្លៀសពេលមានអាសន្ន និងលក្ខខណ្ឌសុវត្ថិភាពផ្សេងៗទៀត ហើយត្រូវបានប្រើជាឯកសារយោងចាំបាច់ សម្រាប់ការស្នើសុំប្រកាសបង្កើតរោងចក្រ បង្កើតសាខារោងចក្រ ផ្លាស់ប្តូរទីតាំង ពង្រីកខ្សែច្រវាក់ផលិតកម្ម និងវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ-សិប្បកម្មជាដើម៕

To Top