ព័ត៌មានជាតិ

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ៖ ផលិតកម្មដំណាំស្រូវ និងផលិតកម្មសត្វក្នុងខេត្តត្បូងឃ្មុំ មានការកើនឡើងលើសឆ្នាំមុន ក្នុងឆ្នាំ២០២៥នេះ

ត្បូងឃ្មុំ៖ បើទោះបីជារបបទឹកទន្លេមេគង្គបានស្ទុះឡើងកម្រិតអតិបរមាចំនួន ២លើក ក្នុងខែសីហា និងខែកញ្ញា ដែលបណ្តាលឱ្យខូចខាតប៉ះពាល់ផលដំណាំប្រមាណ ៤៧៣៩ ហិកតា ស្មើនឹង ៤៧៥៤គ្រួសារ ក្នុងស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ ជាមួយនឹងផលប៉ះពាល់ដោយប្រភពទឹកអន្តរាគមន៍បូមស្រោចស្រព លើដំណាំស្រូវរដូវប្រាំងនៅស្រុកក្រូចឆ្មារ ប្រមាណ ១៤៤ហិកតា ស្មើនិងចំនួន ១៣៦គ្រួសារ ក្តីក៏ផលិតកម្មដំណាំស្រូវ និងផលិតកម្មសត្វនៅតែមានសន្ទុះកើនឡើងបើធៀបជាមួយឆ្នាំ២០២៤។

ដោយផលិតកម្មដំណាំស្រូវ និងសត្វសម្រាប់ខេត្តត្បូងឃ្មុំឆ្នាំនេះ សម្រេចបានការនាំចេញចំនួន១១២ ៧២៦តោន ដោយរកចំណូលបានសរុបប្រមាណ ៨៥១លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៥។ នេះបើយោងតាមរបាយការណ៍របស់លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ក្នុងឱកាសបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត នៅសណ្ឋាគារ ភី អេន ធី ផាលេស ក្រោមវត្តមាន លោក គន់ រ័ត្នមុនី អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

លោក គន់ រ័ត្នមុនី អភិបាលរងខេត្ត បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធបញ្ហាតំបន់ព្រៃលិចទឹកក្នុងខេត្តត្បុងឃ្មុំ ដេលក្នុងនោះ ផ្ទៃដីតំបន់ព្រៃលិចទឹកចំនួន ៦០០០ហិកតា ក្នុងស្រុកត្បូងឃ្មុំ និង១០០០០ហិកតា ក្នុងស្រុកក្រូចឆ្មារ កំពង់ប្រឈមនិងការកាប់បំផ្លាញ ទន្ទា្រនដីព្រៃអភិរក្ស។

លោកអភិបាលរងស្នើសុំឱ្យ ក្រសួង ជាពិសេសកម្លាំងជំនាញមានសម្ថកិច្ច ជួយចុះអន្តរាគមន៍ ធ្វើការទប់ស្កាត់ជាបន្ទាន់ ជាពិសេសការចេញប័ណ្ណប្លង់ កម្មសិទ្ធដីធ្លី ត្រូវធ្វើយ៉ាងណាចុះពិនិត្យឱ្យមានលក្ខណៈជាប្រព័ន្ធ និងបង្កករាល់ប័ណ្ណកម្មសិទ្ធទាំងឡាយណា ដែលរំលោភ លើដៃព្រៃ និងដីរដ្ឋ ធ្វើការហាមឃាត់ ប្រជាពលរដ្ឋកាប់ទន្ទ្រានតំបន់ទាំងនោះបន្តទៅទៀត។

លោកក៏បានលើកឡើងពីបញ្ហាមួយចំនួនទៀត ទាក់ទងនិងទីតាំងសត្វឃាត ត្រូវធ្វើយ៉ាងណា ពិនិត្យលើលក្ខណៈបច្ចេកទេស អនាម័យ ឱ្យស្របទៅតាមស្តង់ដា ដែលបានកំណត់ ជៀសវាងការលំបាកក្នុងការនាំចេញ និងចែកចាយបន្ត។

លោកអភិបាលរងខេត្ត ក៏បានលើកឡើងផងដែរ ពីសក្កានុពលដំណាំឧស្សាហកម្មមានដំណាំកៅស៊ូ ដែលជា(មាសពណ៌ស) បម្រើដល់សេដ្ឋកិច្ចខេត្តត្បូងឃ្មុំ ដែលដាំដុះប្រមាណ ៨០០០០ ហិកតា ម្រេច ៣ពាន់ហិកតា ស្រូវ ៩០០០០ ហិកតា ថ្នាំជក់ ១៤០០ ហិកតា ដែលដំណាំទាំងនេះគឺមានសារៈសំខាន់ណាស់ក្នុងការចូលរួមចំណែកក្នុងសេដ្ឋកិច្ចកម្ពុជាយើង។

លោក គន់ រ័ត្នមុនី បានធ្វើការកោតសរសើរ និងលើកទឹកចិត្តដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានយកចិត្តទុកដាក់បំពេញកិច្ចការងារបានល្អប្រសើរ ដោយសម្រេចបានការនាំចេញស្រូវ និងសាច់សត្វមានការកើនឡើងជាងឆ្នាំមុន ហើយសង្ឃឹមថា និងនៅឆ្នា២០២៦នេះ បន្តកើនឡើងជាបន្តបន្ទាប់ទៀត៕

ដោយ៖ ជឿន សុធន/ត្បូងឃ្មុំ/ ដើមអម្ពិល/

To Top