ព័ត៌មានជាតិ

ក្រសួងដែនដី ឲ្យពលរដ្ឋរស់នៅអគារ អតីតសាលាខេមរបុត្រ ទៅរកកន្លែងថ្មី

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) បានប្រកាសឲ្យប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុង “អគារអតីតសាលាខេមរបុត្រ” ស្ថិតនៅទីតាំងអគារ ផ្លូវលេខ៩៣ កែងផ្លូវលេខ២៨២ ភូមិ៣ សង្កាត់បឹង កេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញត្រូវទៅរកកន្លែងរស់នៅថ្មីចាប់ពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះតទៅ ។

មូលហេតុនៃការឲ្យប្រជាពលរដ្ឋនៅទីតាំងនេះ ទៅរកកន្លែងរស់នៅថ្មីជាបន្ទាន់ ត្រូវបានក្រសួងអះអាងក្នុងសេចក្តីប្រកាសព័ត៌មានថា ដោយសារ សំណង់នេះមានសភាពគ្រោះថ្នាក់ដែលអាចកើតមានឡើងភ្លាមៗ ដោយមិនដឹងជាមុន ។

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការចាត់វិធានការបញ្ចៀសគ្រោះថ្នាក់ ចំពោះសំណង់អគារអតីតសាលាបឋមសិក្សារខេមរបុត្ររបស់ក្រសួងរៀបចំដែនដី បានឲ្យដឹងទៀតថា ក្រុមការងារជំនាញ នៃអគ្គនាយកដ្ឋានសំណង់ និងមន្ទីរពិសោធន៍ជាតិ សំណង់របស់ក្រសួងបានធ្វើការវិភាគគ្រឿង ផ្គុំសំណង់អគារខាងលើឡើងវិញ ជាលទ្ធផល ពិនិត្យឃើញថា គុណភាពសំណង់អគារនេះ មានការធ្លាក់ចុះខ្សោយយ៉ាងខ្លាំង ។ ក្នុងនោះ ស្រទាប់បេតុង និងសរសៃដែកភាគច្រើនបំផុតនៃធ្នឹម កម្រាលខណ្ឌ និងសសរបានផ្ទាត់ចេញ និងមានស្នាមច្រែះធ្ងន់ធ្ងរ ដែលធ្វើឲ្យបាត់បង់គុណភាព និងលទ្ធភាពទ្រទ្រង់អគារទាំងមូល ប្រឈមនឹងហានិភ័យបាក់រលំដែលអាចកើតមានឡើងជាយថាហេតុ និងបានចាត់ថ្នាក់អគារនេះថា ជា “សំណង់ដែលមានសភាពគ្រោះថ្នាក់ដែលអាចកើតមានឡើងភ្លាមៗ”។

ដើម្បីបង្ការ និងបញ្ចៀសគ្រោះថ្នាក់ដល់រាងកាយ និងអាយុជីវិត របស់ប្រជាពលរដ្ឋកំពុង រស់នៅ ប្រើប្រាស់ និងអាស្រ័យផលក្នុងអគារ និងដីកម្មសិទ្ធិរបស់អគារអតីត សាលាបឋមសិក្សាខេមរបុត្រ សំណង់ជិតខាង អ្នកជិតខាង និងសាធារណជន ក្រសួងរៀបចំដែនដី អំពាវនាវឲ្យប្រជាពលរដ្ឋដែលកំពុងរស់នៅនេះ ស្វែងរកទីកន្លែងស្នាក់នៅថ្មីដែលមានសុវត្ថិភាពជាបន្ទាន់ ដើម្បីក្រុមការងារចាប់ផ្តើមអនុវត្តការងារតម្លើង “ផ្ទាំងសេចក្តីប្រកាសព័ត៌មាន ស្តីពីការចាត់វិធានការបញ្ចៀសគ្រោះ ថ្នាក់ចំពោះអគារអតីតសាលាខេមរបុត្រ”។

សេចក្តីប្រកាសបញ្ជាក់ថា ក្នុងរយៈពេលយ៉ាងយូរ ៣០ថ្ងៃ បើមិនព្រមចាកចេញទេ ក្រសួងរៀបចំដែនដី និងរដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការមិនអនុញ្ញាតឱ្យមានការបន្តស្នាក់នៅ ឬប្រើប្រាស់អគារនេះទៀតឡើយ និងធ្វើការហ៊ុមព័ទ្ធ និងហាមឃាត់ការចូលទីតាំងអគារនេះ៕

To Top