ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ណែនាំដល់មន្ត្រីត្រូវប្រកាន់ខ្ជាប់ឥរិយាបថបម្រើពលរដ្ឋ ដោយភាពស្មោះត្រង់ និងរាក់ទាក់

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំប្រកបដោយការលើកទឹកចិត្តដល់មន្ត្រី ត្រូវប្រកាន់ខ្ជាប់នូវឥរិយាបថបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់ រាក់ទាក់ និងដោះស្រាយបញ្ហាឱ្យចំគោលដៅ ដើម្បីបង្កើនទំនុកចិត្ត និងភាពកក់ក្តៅជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន។

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសិក្ខាសាលា ស្តីពីការបូកសរុបលទ្ធផលនៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងតាមយន្តការការិយាល័យប្រជាពលរដ្ឋប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានក្រើនរម្លឹកមន្ត្រីឱ្យចាត់ទុកមតិយោបល់ និងសំណូមពរពលរដ្ឋ ជាកញ្ចក់កែលម្អ និងពង្រឹងគុណភាពសេវាឱ្យកាន់តែមានប្រសិទ្ធភាព។

ផ្អែកលើលទ្ធផលដែលសម្រេចបាននេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានកោតសរសើរ និងចាត់ទុកលទ្ធផលនេះថា ជាការចូលរួមគាំទ្រយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសការខិតខំរបស់រដ្ឋបាលថ្នាក់ក្រោមជាតិដែលបានបំពេញតួនាទីប្រកបដោយស្មារតីបុរេសកម្ម។

លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា រាល់មតិយោបល់ និងសំណូមពរដែលបានលើកឡើង គឺជាធាតុចូលដ៏សំខាន់សម្រាប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ យកមកធ្វើជាមូលដ្ឋានក្នុងការបង្កើតគោលការណ៍ និងវិធានការដោះស្រាយ គោរពស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី។

ដើម្បីបន្តដោះស្រាយបញ្ហាប្រឈមមួយចំនួន ប្រមុខក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ណែនាំដល់ក្រសួង-ស្ថាប័នថ្នាក់ជាតិ ឱ្យបន្តសហការលើការរៀបចំប្រព័ន្ធបច្ចេកវិទ្យា ពន្លឿនការបញ្ជូនឯកសារបទដ្ឋានបច្ចេកទេស និងការបណ្តុះបណ្តាលមន្ត្រីឱ្យកាន់តែមានសមត្ថភាព។

ដោយឡែកសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ លោកឧបនាយករដ្ឋមន្ត្រី បានដាក់ចេញនូវទិសដៅអនុវត្តបន្តយ៉ាងម៉ឺងម៉ាត់ ក្នុងនោះត្រូវពង្រឹងការអនុវត្តច្បាប់ និងលើកកម្ពស់សមត្ថភាពមន្ត្រីនៅតាមការិយាល័យច្រកចេញចូលតែមួយ ឱ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យាឌីជីថល ព្រមទាំងរៀបចំស្លាកសញ្ញាបង្ហាញព័ត៌មានឱ្យបានច្បាស់លាស់ និងតម្លាភាព៕

To Top