ព័ត៌មានជាតិ

លោក ស៉ីវ ជ័យសិដ្ឋ ពិតជាជនបង្កក្នុងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ៦នាក់ ពិតប្រាកដមែន

បាត់ដំបង៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់អំពីអត្តសញ្ញាណអ្នកបើកបររថយន្តបង្ក ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវមួយ ដែលបានកើតឡើងកាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិកោះ ឃុំរកា ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

សេចក្តីរាយការណ៍អំពីហេតុការណ៍
ហេតុការណ៍នេះបានកើតឡើងរវាងរថយន្តស៊េរីទំនើបម៉ាក MERCEDES-BENZ AMG GT53 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ កម្ពុជា C.S.6168 បានបុកជាមួយនឹងម៉ូតូចំនួន ០២គ្រឿង៖

  1. ម៉ូតូ Honda Dream ពណ៌ខ្មៅ (១H-2105): ជិះគ្នា ០៣នាក់ (ស្លាប់ ២នាក់ និងរបួសធ្ងន់ ១នាក់)។
  2. ម៉ូតូ Honda Dream ពណ៌ខ្មៅ (1S-1965): ជិះគ្នា ០៣នាក់ (ស្លាប់ ២នាក់ និងរបួសធ្ងន់ ១នាក់)។

ជាលទ្ធផលនៃគ្រោះថ្នាក់នេះ បានបណ្តាលឱ្យមនុស្ស ០៤នាក់ស្លាប់បាត់បង់ជីវិត (ក្នុងនោះមានស្រ្តីម្នាក់មានផ្ទៃពោះ ០៣ខែ) និងរងរបួសធ្ងន់ចំនួន ០២នាក់។ ជនរងគ្រោះទាំងអស់រស់នៅក្នុងភូមិកោះ ឃុំរកា ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

តាមរយៈការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណម្ចាស់រថយន្តមានឈ្មោះ ស៉ីវ ជ័យសិដ្ឋ ភេទប្រុស កើតឆ្នាំ២០០៦ មានទីលំនៅផ្ទះលេខ ១៧ ផ្លូវលេខ ១២ ភូមិព្រែកតានង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយកើតហេតុ អ្នកបើកបរបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។ ទោះជាយ៉ាងណា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចបានទាក់ទងទៅឪពុករបស់ជនបង្ក ឈ្មោះ ស៊ីវ សុជាតិ ដើម្បីសហការ។

លោក ស៊ីវ សុជាតិ បានបញ្ជាក់ថា រថយន្តខាងលើពិតជាជារបស់កូនប្រុសលោកមែន ហើយនៅថ្ងៃកើតហេតុ កូនប្រុសរបស់លោកពិតជាបានបើកបរចេញពីភ្នំពេញឆ្ពោះទៅខេត្តបាត់ដំបង ប៉ុន្តែរហូតមកដល់ពេលនេះ លោកក៏មិនទាន់អាចទាក់ទងកូនប្រុសបាននៅឡើយដែរ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធីយ៉ាងម៉ឺងម៉ាត់ ដើម្បីស្វែងរកចាប់ខ្លួនឈ្មោះ ស៉ីវ ជ័យសិដ្ឋ មកទទួលខុសត្រូវចំពោះមុខច្បាប់។ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏បានអំពាវនាវដល់សាធារណជន មេត្តាជ្រាបជាព័ត៌មាន និងសហការផ្តល់ព័ត៌មានក្នុងករណីឃើញតម្រុយណាមួយ។

To Top