ព័ត៌មានជាតិ

ករណីចាប់ឃាត់រថយន្តគ្មានមូលដ្ឋានច្បាស់លាស់នៅស្រុកជាំក្សាន្ត បង្កការរិះគន់ខ្លាំងពីមហាជន

ខេត្តព្រះវិហារ៖ នៅភូមិត្រពាំងធំ ឃុំជាំក្សាន្ត មានហេតុការណ៍មួយដែលបង្កការភ្ញាក់ផ្អើល និងការរិះគន់យ៉ាងខ្លាំងពីសាធារណៈមតិ បានកើតឡើងនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ពាក់ព័ន្ធនឹងសកម្មភាពរបស់អាជ្ញាធរមូលដ្ឋាន ដែលត្រូវបានចោទប្រកាន់ថាប្រើអំណាចលើសលប់ ដើម្បីបង្កើតបទល្មើសលើប្រជាពលរដ្ឋស្លូតត្រង់។

យោងតាមការរាយការណ៍ពីប្រជាពលរដ្ឋក្នុងភូមិត្រពាំងធំ ឃុំជាំក្សាន្ត បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល ៧ និង ៤៥ នាទីយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពស្រុក ដឹកនាំដោយលោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត បានចុះប្រតិបត្តិការ ចាប់ឃាត់រថយន្តចំនួន ២ គ្រឿង (ម៉ាកគា និងហ៊ីយ៉ាន់ដាយ) ដោយអះអាងថាជារថយន្តពាក់ព័ន្ធបទល្មើសព្រៃឈើ ទោះបីជាមិនមានភស្តុតាងជាក់ស្តែងនៅពេលចាប់ឃាត់ក៏ដោយ។

ប្រជាពលរដ្ឋបន្តថា បន្ទាប់ពីចាប់ឃាត់រថយន្តទទេ អាជ្ញាធរបានបញ្ជាឲ្យកម្លាំងយាមការពារយ៉ាងតឹងរឹងពេញមួយយប់ មិនអនុញ្ញាតឲ្យចរាចរណ៍ឡើយ។ គួរឲ្យសង្ស័យបន្ថែម គឺនៅព្រឹកថ្ងៃទី១៤ ខែមីនា មានកម្មករត្រូវបាននាំមកលើកដាក់ឈើបង្គោលក្រាក់ប្រហែល ១៥០ ដើម លើរថយន្តទាំងនោះ មុននឹងដឹកយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើ និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តព្រះវិហារ។

សកម្មភាពនេះ បានធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល និងសង្ស័យយ៉ាងខ្លាំងថា អាជ្ញាធរបាន “បង្កើតភស្តុតាង” ដើម្បីដាក់បន្ទុកលើម្ចាស់រថយន្ត និងអ្នកពាក់ព័ន្ធ ដែលមិនមានបទល្មើសជាក់ស្តែងនៅពេលដំបូង។

ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះបានបញ្ជាក់ថា ពួកគេគ្រាន់តែប្រមូលឈើក្រាក់សល់ពីភ្លើងឆេះព្រៃ ដើម្បីលក់រកចំណូលតិចតួចសម្រាប់ចិញ្ចឹមជីវិត ក្នុងស្ថានភាពពិបាកបន្ទាប់ពីតំបន់នេះធ្លាប់ជាតំបន់ជម្លោះប្រដាប់អាវុធ ដែលធ្វើឲ្យពួកគេមិនអាចធ្វើកសិកម្ម ឬរកមុខរបរផ្សេងបាន។

ទោះជាយ៉ាងណា ជំនួសឲ្យការជួយសម្រួលជីវភាពប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានវិញ ត្រូវបានចោទថា បានប្រើវិធានការរឹតត្បិត និងបង្កើតបញ្ហាថ្មីៗ ដោយដាក់កំហុសលើប្រជាពលរដ្ឋស្លូតត្រង់ ដែលកំពុងរស់នៅក្នុងភាពខ្វះខាត។

មតិសាធារណៈមួយចំនួនបានលើកឡើងថា ទង្វើបែបនេះ មិនត្រឹមតែប៉ះពាល់ដល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ភាពជឿជាក់លើអាជ្ញាធរផងដែរ។ ការប្រើអំណាចដោយគ្មានតុល្យភាព និងការបង្កើតបទល្មើសអាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងរនាពេលអនាគត ប្រសិនបើមិនមានការត្រួតពិនិត្យយ៉ាងតឹងរឹង។

ប្រជាពលរដ្ឋបានដាក់សំណើជាថ្មីទៅកាន់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សូមចូលមកពិនិត្យស៊ើបអង្កេតករណីនេះដោយឯករាជ្យ និងយុត្តិធម៌ ដើម្បីរកការពិត និងផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋ និងម្ចាស់រថយន្តដែលត្រូវបានចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់។

ករណីនេះកំពុងក្លាយជាបញ្ហាសង្គមមួយដែលទាមទារការឆ្លើយតបយ៉ាងបន្ទាន់ ព្រោះវាមិនមែនជាបញ្ហារបស់បុគ្គលម្នាក់ឬក្រុមមួយប៉ុណ្ណោះទេ ប៉ុន្តែជាការប៉ះពាល់ដល់គោលការណ៍នៃយុត្តិធម៌ និងការគោរពសិទ្ធិមនុស្សទាំងមូល៕

To Top