ព័ត៌មានជាតិ

បុរសក្លែងភេទជាស្រីបង្ហោះព័ត៌មានបែបញុះញង់ ឲ្យរើសអើងសមត្ថកិច្ច ត្រូវបានឃាត់ខ្លួន

ភ្នំពេញ ៖ នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បានឃាត់ខ្លួនម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Kim Ya An ជាបុរសក្លែងភេទជាស្រី ក្រោយផ្សព្វផ្សាយព័ត៌មានញុះញង់ឲ្យមានការរើសអើងសមត្ថកិច្ច ដោយសារខឹងសម្បារនឹងការផាកពិន័យ២លានរៀល ក្រោយបើករថយន្តក្រោមឥទ្ធិពលជាតិអាល់កុលកម្រិត 0,55 Mg/l ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី៣១ មីនា ។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យ១នាក់ ដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Kim Ya An ពាក់ព័ន្ធនឹងបទញុះញង់ឲ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋជាអាទិ៍ និងប្រើប្រាស់ឯកសារសាធារណៈក្លែង (ក្លែងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឈ្មោះ ប៉ែនភ័ក្រ សុរីធន់ លេខ០១១០៦ ៥៤៩៩៩) ។

ជនសង្ស័យឈ្មោះ ប៉ែនភ័ក្រ សុរីធន់ ភេទ ប្រុស (ភេទប្រុសក្លែងភេទស្រី) ឆ្នាំកំណើត១៩៩៦ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូខេ THE DRINK ប្រព្រឹត្តនៅចំណុចលើកំណាត់ផ្លូវលេខ៥៩៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃ ទី៣១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ២៤និង ៣០នាទី។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពខ្លួនពិតជាស្រវឹង ផឹកស្រាបៀរជាមួយមិត្តភក្តិ៣នាក់ នៅផ្ទះរបស់ខ្លួននៅស្ទឹងមានជ័យ ហើយបន្ទាប់មកក៏ធ្វើដំណើរក្នុងគោលបំណងមកផ្ទះមួយទៀត នៅបុរី ប៉េង ហួត ផ្លូវ ម៉ុង ប្ញទ្ធី ។ ចំណែកក្រដាស់ប័ណ្ណចុងសន្លឹកផាកពិន័យ ក៏ក្រញី ហើយចុចកញ្ចក់រថយន្តបោះចោលបាត់ ខណៈខ្លួនបើករថយន្តចេញពីកន្លែងសមត្ថកិច្ច ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌ ដើម្បីសាកសួរចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ថា កាលពីរាត្រីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២៣និង៣០នាទី កម្លាំងសមត្ថកិច្ចជំនាញសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនិងត្រួតពិនិត្យជាតិស្រវឹងពេលយប់ នៅលើផ្លូវលេខ ៥៩៨ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ឃាត់រថយន្ត១គ្រឿងម៉ាក NISSAN ពណ៌ស ផ្លាកលេខភ្នំពេញ 2BV-5087 ដើម្បីត្រួតពិនិត្យជាតិអាល់កុល ខណៈអ្នកបើកបរបានសហការផ្លុំឧបករណ៍វាស់ជាតិអាល់កុល ដោយលើកទី១និងទី២ផ្លុំមិនបានត្រឹមត្រូវតាមបច្ចេកទេស។ បន្ទាប់មក សមត្ថកិច្ចក៏បានឱ្យផ្លុំលើកទី៣ លទ្ធផលពិនិត្យឃើញ 0,55 Mg/l ហើយសមត្ថកិច្ចបានបំពេញឯកសារផាកពិន័យ និងចេញប័ណ្ណពិន័យត្រឹមត្រូវតាមច្បាប់ជូនទៅអ្នកបើកបរ ដោយពុំបានបដិសេធឬតវ៉ាអ្វីឡើយ និងយល់ព្រមផ្តិតមេដៃទទួលការផាកពិន័យ។ ប៉ុន្តែព្រឹកឡើង អ្នកបើករថយន្តបានបង្ហោះផ្សព្វផ្សាយព័ត៌មានមិនពិត មានលក្ខណៈញុះញង់ ប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់សមត្ថកិច្ច ៕

To Top