រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញប្រកាសចូលកាន់តំណែង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម
កំពង់ចាម ៖ លោកវេជ្ជបណ្ឌិត វ៉ា សាវុធ ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ជំនួសលោកវិជ្ជបណ្ឌិត គឹមសួរ ភីរុណ បានចូលនិវត្តន៍ ។ ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី ៣១ ខែមិនា ឆ្នាំ២០២៦ នៅសាសាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា វិស័យសុខាភិបាល ជាវិស័យអាទិភាពដែលបាននិងកំពុងបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋយ៉ាងសកម្មចាប់ពីទីប្រជុំជនរហូតដល់ទីជនបទដាច់ស្រយ៉ាល ដែលនេះជាលទ្ធផល ឆ្លុះបញ្ចាំងឱ្យឃើញថាការវិវត្តន៍ជាជំហ៊ានៗ នៃវឌ្ឍនភាពការថែទាំសុខភាពជូនប្រជា
ពលរដ្ឋ នាំមកនូវសូចនាករសុខភាពជាច្រើនត្រូវបានកែលម្អ ពិសេសអត្រាមរណៈភាពមាតា ទារក និងកុមារ ត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់។

ទន្ទឹមនឹងនេះដែរ ហេដ្ឋារចនាសម្ព័ន្ឋរូបវន្តវិស័យសុខាភិបាល ត្រូវបានកែលម្អរពង្រីក និងលើកកម្ពស់ជាប្រចាំ លើការផ្តល់សេវាសុខាភិបាល នៅតាមប៉ុស្តិ៍សុខភាព មណ្ឌលសុខភាពមន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក ដែលរួមមានសេវាសម្ភពបន្ទាន់ សេវាសង្គ្រោះបន្ទាន់ សេវាថែទាំទារក-កុមារ ក៏ដូចជាសេវាអន្តរាគមន៍សុខភាពសាធារណៈផ្សេងៗទៀតកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងត្រូវបានរុញឱ្យកាន់តែខិតជិតដល់មូលដ្ឋាន ជាពិសេសការបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមជនបទ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា បានមានប្រសាសន៍ណែនាំដល់ លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ដែលទើបតែទទួលបានការតែងតាំងថ្មី ក៏ត្រូវបង្កើនការយកចិត្តទុកដាក់ និងត្រួតពិនិត្យមើលផងដែរថា មានកត្តាច្រើនណាស់ ដែលជះឥទ្ធិពលមកលើសមិទ្ធផលនៃវិស័យសុខាភិបាលរបស់ ក្នុងនោះទាមទារឲ្យមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ធ្វើយ៉ាងណាឱ្យមាននូវកិច្ចសហការសម្របសម្រួល និងឲ្យមានការចូលរួមយ៉ាងស្មោះស្ម័គ្រ អស់ពីកម្លាំងកាយ កម្លាំងចិត្ត ពីសំណាក់មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាល គ្រប់លំដាប់ថ្នាក់ ដើម្បីធានាបាននូវជោគជ័យក្នុងការលើកកម្ពស់សុខភាព និងសុខមាលភាពជូនប្រជាជន ជាពិសេសនៅតាមទីជនបទដាច់ស្រយាល និងជាអាទិ៍មានការចូលរួមកិច្ចសហប្រតិបត្តិការល្អក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រប់ប្រភេទ ដែលកើតមានក្នុងដំណាក់កាលនេះជាដើម ។

លោករដ្ឋមន្ត្រី បានរំពឹងទុក មានជំនឿយ៉ាងមុតមាំ និងសង្ឃឹមយ៉ាងជាក់ច្បាស់ថា លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ដែលទើបទទួលបានការតែងតាំងថ្មី នឹងយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអស់សមត្ថភាពរបស់ខ្លួន អនុវត្តន៍ការងារឱ្យទទួលបានលទ្ធផលល្អត្រចះត្រចង់ ស្របតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ប៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។




អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា
