រដ្ឋមន្រ្តីយុត្តិធម៌ ៖ ម្ចាស់ផ្ទះជួលមិនផ្សំគំនិត ជាមួយអ្នកប្រព្រឹត្តបទឆបោកតាមបច្ចេកវិទ្យា នឹងមិនមានទោសទេ
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានថ្លែងថា បើម្ចាស់ទីតាំងជួលទាំងឡាយណាដែលមិនផ្សំគំនិតជាមួយជនល្មើស ជាអ្នកប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ នឹងមិនមានទោសទណ្ឌនោះឡើយ។

ក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធ «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា » នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ លោក កើត រិទ្ធ ថ្លែងថា បើម្ចាស់ទីតាំង ឬម្ចាស់ផ្ទះដែលជួលផ្ទះឱ្យអ្នកផ្សេងដោយមិនដឹងថាគេយកទៅប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ ទាំងម្ចាស់និងផ្ទះនឹងមិនមានបទល្មើស និងមិនរឹបអូសនោះទេ ។ ប៉ុន្តែក្នុងករណីមានការស៊ុំគ្រលំគ្នា នឹងមានទោសទៅតាមផ្លូវច្បាប់ជាធរមានជៀសមិនផុតនោះទេ ហើយផ្ទះក៏នឹងមានការរឹបអូសទៅជាមួយផងដែរ ។

លោកថា “អីចឹងបើអ្នកហ្នឹងជួលផ្ទះឱ្យអ្នកដទៃ ដោយមិនស្ថិតនៅក្នុងស្ថានភាពនៃការស៊ុំគ្រលំជាមួយអ្នកដែលធ្វើសកម្មភាព Scamer ទេ ផ្ទះរបស់គាត់អត់អីទេ ប៉ុន្តែបើផ្ទះគាត់ត្រូវរឹបអូស គាត់ក៏អត់រួចខ្លួនដែរ គឺបានន័យថា សមត្ថកិច្ចរកឃើញអំពីការពាក់ព័ន្ធរបស់គាត់នៅក្នុងសកម្មភាព Scam ឬក៏ទទួលផលប្រយោជន៍ចេញពីបទល្មើសមិនមែនទទួលផលប្រយោជន៍ចេញពីការជួលទេ ប៉ុន្តែផលប្រយោជន៍ចេញពីបទល្មើស” ។
ការលើកឡើងរបស់រដ្ឋមន្រ្តីយុត្តិធម៌នេះ បន្ទាប់ពីលោកឃើញមានការបង្ហោះជាបន្តបន្ទាប់នៅលើបណ្តាញសង្គមថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងដាក់ទោសទៅម្ចាស់ផ្ទះណាដែលបានជួលផ្ទះ ឬអគារលើការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។ ប៉ុន្តែបើមានការសង្ស័យថា ផ្ទះរបស់ខ្លួនមានការពាក់ព័ន្ធបទល្មើសត្រូវ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានស្នើឱ្យម្ចាស់ផ្ទះត្រូវរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់ ។ យ៉ាងណារដ្ឋមន្ត្រីស្នើឱ្យម្ចាស់ជួលទាំងឡាយត្រូវប្រុងប្រយ័ត្នក្នុងការជួលផ្ទះរបស់ខ្លួន ៕
