ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាប ការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ជាង២៥០ករណី

ភ្នំពេញ ៖ លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មការ ចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)បានថ្លែងថា ក្រោយរាជរដ្ឋាភិបាល បានចេញបទបញ្ជាបោសសម្អាត បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា កាលពីពាក់កណ្តាលឆ្នាំ២០២៥កន្លងមកនេះ អាជ្ញាធរមានសមត្ថកិច្ចជំនាញ បានបង្ក្រាបចំនួន២៥០ករណី ។

ក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធ «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា » នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ លោក ឆៃ ស៊ីណារិទ្ធ បានលើកឡើងថា រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តយ៉ាងមុតស្រួច ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការបង្កើតយន្តការ គ.ប.ឆ.ប បន្ថែមលើយន្តការដែលមានស្រាប់ សំដៅធ្វើយ៉ាងណាសម្របសម្រួល អាជ្ញាធរថ្នាក់ក្រោមជាតិ យកចិត្តទុកដាក់បោសសម្អាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពីមូលដ្ឋានរបស់ខ្លួន ។

លោកថា បន្ទាប់ពីមានយុទ្ធនាការ និងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលមក គិតមកដល់ពេលនេះ សមត្ថកិច្ចបានបង្ក្រាបបានជាបន្តបន្ទាប់ ។

លោកបន្ថែមថា “យើងបានបង្ក្រាបជាង២៥០ករណី ។ ជាង២៥០ករណីនេះ ក៏គិតជាចំនួនទីតាំងមានចំនួនដូចគ្នា ក្នុងនោះក៏មានកាស៊ីណូដែរ” ។

ជាមួយនឹងការបង្ក្រាបបានទាំងជាង២៥០ករណីនេះលោកបានអះអាងថា ក៏បានកសាងសំណុំបញ្ជូនទៅតុលាការប្រមាណជា៩៣សំណុំរឿង ហើយឃុំខ្លួនក្រោយត្រូវបានចោទប្រកាន់មានជាង៨០០នាក់ និងជិត៧០០នាក់ទៀតបានចេញដីកាតាមចាប់ខ្លួន៕

To Top