ព័ត៌មានជាតិ

មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បដិសេធចំពោះការចោទប្រកាន់ថា មន្ត្រីចុះពិនិត្យរោងចក្រទារលុយ ១៥០០ដុល្លារ

ខេត្តកំពង់ស្ពឺ៖ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានចេញសេចក្តីបំភ្លឺច្រានចោលទាំងស្រុងនូវរាល់ការចុះផ្សាយតាមបណ្តាញសង្គមមួយចំនួន ដែលបានចោទប្រកាន់ថា មន្ត្រីបរិស្ថានបានចុះពិនិត្យរោងចក្រទារលុយចំនួន ១៥០០ដុល្លារ ហើយចុះមកនៅសល់ ៦០០ដុល្លារ។

យោងតាមសេចក្តីបំភ្លឺ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ មន្ទីរបរិស្ថានបានបញ្ជាក់ថា ការចុះបំពេញការងាររបស់មន្ត្រីជំនាញនាពេលកន្លងមក គឺជាការចុះទៅតាមតួនាទីភារកិច្ច ដើម្បីពិនិត្យ និងដោះស្រាយរាល់ការប៉ះពាល់ដល់សាធារណជន បរិស្ថាន និងសង្គម ដែលបង្កឡើងដោយរោងចក្រកែច្នៃផ្លែឈើ ដំណាប់ស្វាយ។

ក្នុងសកម្មភាពចុះត្រួតពិនិត្យនោះ មន្ត្រីជំនាញបានធ្វើការណែនាំដល់ម្ចាស់រោងចក្រ ឲ្យរៀបចំប្រព័ន្ធគ្រប់គ្រង សំណល់រាវ និងផ្សែង ឲ្យស្របតាមបច្ចេកទេស និងបទដ្ឋានគតិយុត្តជាធរមាន ដើម្បីធានាបាននូវសុខភាពសាធារណៈ និងកិច្ចគាំពារបរិស្ថាន។

មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានចាត់ទុកការផ្សព្វផ្សាយព័ត៌មានដែលគ្មានមូលដ្ឋានច្បាស់លាស់នេះថា ជាចេតនាទុច្ចរិតក្នុងបំណងបង្ខូចកេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីរាជការ ក៏ដូចជាថ្នាក់ដឹកនាំមន្ទីរដែលបានខិតខំបំពេញការងារយ៉ាងសកម្មនាពេលកន្លងមក។

មន្ទីរបរិស្ថាន ស្នើឲ្យកែតម្រូវ ម្ចាស់គណនីបណ្តាញសង្គមដែលបានចុះផ្សាយខុសពីការពិត ត្រូវធ្វើការកែតម្រូវខ្លឹមសារ និងលុបចេញវិញជាបន្ទាន់ ដើម្បីជៀសវាងការប្រឈមមុខចំពោះមុខច្បាប់ និង អំពាវនាវដល់សាធារណជន ឲ្យមានការពិចារណា និងចែករំលែកព័ត៌មានដោយស្មារតីទទួលខុសត្រូវ និងមានប្រភពច្បាស់លាស់។

មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បញ្ជាក់ជាថ្មីថា ស្ថាប័ននឹងបន្តអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងចំពោះរាល់សកម្មភាពទាំងឡាយណាដែលបង្កឲ្យមានផលប៉ះពាល់ដល់បរិស្ថាន និងសង្គម ដោយមិនមានការលើកលែងឡើយ៕

ដោយ៖ សយ រិទ្ធី

To Top