ប្រារព្ធពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៦ ដើម្បីលើកស្ទួយវប្បធម៌ដូនតា
កំពង់ស្ពឺ៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានរៀបចំពិធី “ប្រណាំងរទេះសាឡីគោលឿន” ប្រចាំឆ្នាំ២០២៦ យ៉ាងកគ្រឹកកគ្រេង ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ ដែលមានទីតាំងស្ថិតក្នុងភូមិស្នោទី១សង្កាត់រកាធំក្រុងច្បារមនខេត្តកំពង់ស្ពឺនាព្រឹកថ្ងៃទី៥ខែមេសាឆ្នាំ២០២៦។

អញ្ជើញចូលរួមពីលោក ស៊ុន ជា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ លោក តូច ប៉ូលីវា អភិបាលរងអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ម្ចាស់សម្រស់គោលឿនមកពីបណ្តាក្រុង-ស្រុកនានា និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករដែលមកទស្សនា និងផ្ដល់កម្លាំងចិត្ត។

ឆ្លៀតក្នុងឱកាសនោះ លោក តូច ប៉ូលីវ៉ា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការអភិរក្ស លើកស្ទួយ និងអភិវឌ្ឍន៍ វប្បធម៌ជាតិ របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រឹទ្ធាចារ្យសិល្បៈ សាស្ត្រាចារ្យ សិល្បករ សិល្បការិនី នៃ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។

ជាពិសេសការប្រារព្ធ មហោស្រពប្រណាំងរទេះសាឡី គោលឿន ឆ្នាំ២០២៦ នេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានអនុវត្តតាមគោលការណ៍ ដែលបានស្នើសុំ ក៏ដូចជាកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត និងសមាគមរទេះសាឡី គោលឿនខេត្តកំពង់ស្ពឺ ក្នុងការរៀបចំពិធីនេះប្រកបដោយភាពរលូន និងអធិកអធម។

លោកបានបន្តទៀតថា ការប្រារព្ធមហោស្រពប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៦ ជាលើកទី១២ ដោយមានរទេះ សាឡីគោលឿនចូលរួមចំនួន៨០នឹម (គោតូចចំនួន៥១នឹម និងគោធំចំនួន២៩នឹម)។ ការប្រារព្ធ មហោស្រពនេះ គឺដើម្បីជំរុញទឹកចិត្តដល់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការសង្គមស៊ីវិល បងប្អូន ប្រជាពលរដ្ឋ សិល្បករ សិល្បការិនីទាំងក្នុងនិងក្រៅប្រព័ន្ធ រួមគ្នាធ្វើការផ្សព្វផ្សាយ និងបញ្ញាបអំពី សិល្បៈវប្បធម៌ជាតិដ៏សម្បូរបែប ដែលជាស្នាដៃសិល្បៈកើតចេញពីកម្លាំងពលកម្ម និងកម្លាំងប្រាជ្ញា ស្មារតីរបស់បុព្វបុរស។

ក្នុងឱកាសប្រគល់រង្វាន់នោះដែរ លោក អភិបាលរងខេត្ត បានថ្លែងការកោតសរសើរចំពោះម្ចាស់គោទាំងអស់ ទោះបីឈ្នះ ឬចាញ់ ក៏សុទ្ធតែជាអ្នករួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ និងជួយឱ្យមហាជនបានស្គាល់កាន់តែច្បាស់ពីសក្តានុពលនៃរទេះសាឡីគោលឿនរបស់ខេត្តកំពង់ស្ពឺយើងផងដែរ។
ជ័យលាភីគោធំ លេខ១.ទឹកប្រាក់២លានរៀល ចំណាត់ថ្នាក់លេខ២.១លាន៥០ម៉ឺនរៀលនិងលេខ៣.១លាន២០ម៉ឺនរៀល។ជ័យលាភីគោតូច ចំណាត់ថ្នាក់លេខ១.បានទឹកប្រាក់១លាន៥០ម៉ឺនរៀល ចំណាត់ថ្នាក់លេខ២.១លាន២០ម៉ឺនរៀលនិង៣.១លានរៀល៕


ដោយ៖ សុខ សុភ័ណ្ឌ|កំពង់ស្ពឺ|មជ្ឈមណ្ឌលដើមអម្ពិល|រូបថតមន្ទីរព័ត៌មាន
