ព័ត៌មានជាតិ

អ៊ីស្រាអែល​ គំរាមវាយប្រហារក្នុងទ្រង់ទ្រាយកាន់តែធំ​ ប្រឆាំងនឹងអ៊ីរ៉ង់ និងក្រុមហេសបូឡា

យេរូសាឡឹម៖ អ៊ីស្រាអែល​ កំពុងរៀបចំបង្កើនការវាយប្រហាររបស់ខ្លួនលើអ៊ីរ៉ង់ ប្រសិនបើការចរចាដោយប្រយោលរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់​ បរាជ័យ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋអ៊ីស្រាអែល Kan TV។

អ៊ីស្រាអែល​ ជឿជាក់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងផ្តល់ភ្លើងខៀវ​ ដើម្បីកំណត់គោលដៅរោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធជាតិនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយកំពុងរង់ចាំការយល់ព្រមចុងក្រោយ​ នេះបើយោងតាមការចុះផ្សាយរបស់ Kan TV ដោយដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែល។

នៅថ្ងៃអាទិត្យផងដែរ មេបញ្ជាការយោធាអ៊ីស្រាអែល លោក Eyal Zamir បានទៅទស្សនាភាគខាងត្បូងប្រទេសលីបង់ ហើយបានឧ្យដឹងថា អ៊ីស្រាអែល​ មានគម្រោងបង្កើនការវាយប្រហាររបស់ខ្លួនប្រឆាំងនឹងក្រុមហេសបូឡា។

លោកបានលេីកឡេីងថា ពួកសកម្មប្រយុទ្ធហេសបូឡាជាង ១០០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីជម្លោះទ្រង់ទ្រាយធំបានបន្តឡើងវិញ។ លោកបានបន្ដថា “ចំនួននោះនឹងបន្តកើនឡើង។ ការខូចខាតដល់ក្រុមហេសបូឡានឹងកាន់តែខ្លាំងឡើង”។

ការវិវឌ្ឍទាំងនេះកើតឡើងចំពេលមានភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង បន្ទាប់ពីការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ដែលចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ ដែលអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តក្នុងតំបន់របស់ខ្លួនបានឆ្លើយតបដោយការវាយប្រហារលើផលប្រយោជន៍អ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅទូទាំងមជ្ឈិមបូព៌ា៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top