ព័ត៌មានជាតិ

សម្តេចតេជោ ៖ ក្រោមការដឹកនាំរបស់លោក To Lam នឹងធ្វើឱ្យទំនាក់ទំនងកម្ពុជា-វៀតណាម ឈានដល់កម្រិតកាន់តែខ្ពស់

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់លោក To Lamដែលត្រូវជ្រើសតាំងជាប្រធានរដ្ឋវៀតណាមជាថ្មីទៀត នឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា-វៀតណាម កាន់តែឈានខ្ពស់ដល់កម្រិតកំពូល។
ក្នុងសារលិខិតអបអរសាទរលោក To Lam អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹម បក្សកុម្មុយនីស្តវៀតណាម (CPV) ប្រធានរដ្ឋសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ សម្តេចតេជោ មានប្រសាសន៍ថា លោក To Lam ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងសម័យប្រជុំពេញអង្គលើកទី១ នៃរដ្ឋសភានីតិកាលទី១៦។

សម្តេចតេជោមានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសលោកឱ្យកាន់តំណែងខ្ពស់បំផុតនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពជាអ្នកដឹកនាំដ៏ល្អពិសេស និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់លោក ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងវិបុលភាពកាន់តែធំធេងនៃប្រទេសវៀតណាម។
សម្តេចតេជោមានប្រសាសន៍បន្ថែមថា សម្តេចមានសេចក្តីពេញចិត្តយ៉ាងខ្លាំងចំពោះការពិតដែលថា ទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ត្រូវបានកសាងឡើងលើគ្រឹះដ៏រឹងមាំនៃសាមគ្គីភាព ការជឿជាក់ ការយោគយល់គ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។

សម្តេចតេជោបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្តម ទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ នឹងត្រូវពង្រឹងនិងអភិវឌ្ឍន៍ឈានដល់កម្រិតកាន់តែខ្ពស់ ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក To Lam ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់ប្រទេសទាំងពីរទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី ដើម្បីឧត្តមប្រយោជន៍របស់ប្រជាជនទាំងពីរ និងដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព និង វិបុលភាពនៅក្នុងតំបន់ និងពិភពលោក៕

To Top