ព័ត៌មានជាតិ

កូរ៉េ មានគម្រោង នាំយកបច្ចេកវិទ្យា ផលិតជីសិរីរាង្គ ឈានមុខគេរបស់ខ្លួន មកកម្ពុជា

ភ្នំពេញ ៖ លោក Park Hee Soo ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Saemyeong Energy Tech មានគម្រោងនាំយកបច្ចេកវិទ្យា ផលិតជីសិរីរាង្គឈានមុខគេ របស់កូរ៉េ មកចែករំលែកដល់កសិកររបស់កម្ពុជា ។

ក្នុងឱកាសលោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េចូលជួបសម្តែងការគួរសម នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ លោក Park Hee Soo បានជម្រាបឯកអគ្គរាជទូតថា លោកមានគម្រោងនាំយកបច្ចេកវិទ្យា ផលិតជីសិរីរាង្គឈានមុខគេរបស់កូរ៉េ ទៅចែករំលែក ជូនដល់ប្រជាកសិករកម្ពុជា ដែលកំពុងប្រកបរបរដាំដុះដំណាំស្រូវ ពោត សណ្តែក និងដំណាំបន្លែ ផ្លែឈើផ្សេងៗ ។

លោកបន្តថា លោកចង់ឃើញផលិតផលកសិកម្មរបស់កម្ពុជា ក្លាយជាកសិផលសិរីរាង្គលំដាប់ថ្នាក់អន្តរជាតិ ដើម្បីជួយបង្កើនជីវភាពរស់នៅរបស់ប្រជាជន ពិសេសប្រជាកសិករកម្ពុជា ។

ជាកិច្ចឆ្លើយតប ឯកអគ្គរាជទូត ស្វាគមន៍ចំពោះគំនិតផ្តួចផ្តើម របស់លោក Park និងបានថ្លែងអំណរគុណ ចំពោះទឹកចិត្តរបស់លោក ក្នុងបំណងលើកស្ទួយជីវភាពរបស់ប្រជាពលករកម្ពុជា ព្រោះវិស័យកសិកម្មជាវិស័យសំខាន់ និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ។

ឯកអគ្គរាជទូត ក៏បានលើកទឹកចិត្តលោក Park ឱ្យចាប់ផ្តើមរៀបចំរោងចក្រ ឬកន្លែងស្រាវជ្រាវ ធ្វើជីសិរីរាង្គនៅប្រទេសកម្ពុជា និងអញ្ជើញលោក ទៅទស្សនកិច្ចនៅកម្ពុជា ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកវិស័យឯកជនផ្នែកកសិកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋ។ បន្ថែមពីនេះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានសំណូមពរក្រុមហ៊ុនឱ្យជ្រើសរើសនិស្សិត ឬពលករខ្មែរ ដែលកំពុងសិក្សា និងបម្រើការងារនៅកូរ៉េនេះ ដើម្បីផ្តល់ឱកាសឱ្យពួកគេទទួលបានបទពិសោធន៍ និងជំនាញបច្ចេកទេសក្នុងការផលិតជីសិរីរាង្គ ។ ដូច្នេះក្រោយពេលពួកគេត្រឡប់ទៅកម្ពុជាវិញ ពួកគេនឹងមានជំនាញក្នុងការផលិតជីសិរីរាង្គ និងអាចជួយដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា៕

To Top