ព័ត៌មានជាតិ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគល់ផ្ទះ ៥០ខ្នង ជូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ នៅខេត្តត្បូងឃ្មុំ និងលើកឡើងពីវប្បធម៌ដឹងគុណតាមគោលនយោបាយសម្តេចតេជោ

ត្បូងឃ្មុំ៖ ក្នុងស្មារតីចងចាំ និងតបស្នងសងគុណចំពោះវីរយុទ្ធជនដែលបានលះបង់ដើម្បីជាតិមាតុភូមិ នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះចំនួន ៥០ខ្នង ជូនដល់គ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ នៅភូមិប្រិយ៍ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានធ្វើរបាយការណ៍ដោយលើកឡើថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦ ខេត្តត្បូងឃ្មុំមានសមាជិកសមាគមអតីតយុទ្ធជនសរុប ២,៣១៤នាក់។ ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ នេះ សមាគមបានបើកផ្តល់ថវិកាបេឡាមរណៈសង្គ្រោះ និងធានារ៉ាប់រងសង្គម ជូនគ្រួសារសពអតីតយុទ្ធជន សរុបជាង ១៣០លានរៀល។ ទន្ទឹមនឹងនេះ ខេត្តក៏មានទីតាំងដីសម្បទានសង្គមកិច្ចចំនួន ៦កន្លែង សម្រាប់កងកម្លាំងប្រដាប់អាវុធ និងអតីតយុទ្ធជន ដើម្បីបន្តសាងសង់ជម្រកសមរម្យជូនពួកគាត់ជាបន្តបន្ទាប់។

ជាមួយគ្នានោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍កោតសរសើរដល់រដ្ឋបាលខេត្ត និងអង្គភាពពាក់ព័ន្ធដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់យុទ្ធមិត្ត។ សម្តេចបានបញ្ជាក់ថា ការផ្តល់ផ្ទះជូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ គឺជាគោលនយោបាយដ៏ច្បាស់លាស់របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីជាការតបស្នងដល់យុទ្ធមិត្តដែលបានរួមអាវុធ តស៊ូក្នុងភ្លើងសង្គ្រាមរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបន្តទៀតថា សម្តេចតេជោ និងសម្តេចមហាបវរធិបតីបានគិតគូរខ្ពស់ដល់សុខទុក្ខរបស់យុទ្ធជន និងអតីតយុទ្ធជនដែលបានបូជាកម្លាំងកាយចិត្ត និងជីវិត ដើម្បីការពារជាតិមាតុភូមិ។ តាមរយៈការផ្តល់ផ្ទះនេះ ក៏បានបង្ហាញអំពីគោលនយោបាយយូរអង្វែង ក្រោមពាក្យស្លោក «មិនទុកអ្នកណាម្នាក់ឲ្យនៅឯកោរ» ដែលជាគោលការណ៍សំខាន់ក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេស។

សម្តេចកិត្តិសង្គហបណ្ឌិតក៏បានថ្លែងអំណរគុណដល់ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ថ្នាក់ដឹកនាំខេត្ត និងអង្គភាពជុំវិញខេត្តត្បូងឃ្មុំ ដែលបានជួយសម្របសម្រួល ដោយការយកចិត្តទុកដាក់ខ្ពស់ចពោះសុខទុក្ខរបស់គណៈយុទ្ធមិត្ត។

សូមបញ្ជាក់ថា នៅក្នុងកម្មវិធីនេះមានអ្នកចូលរួមចំនួន ៣២០គ្រួសារ ក្នុងនោះប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះចំនួន ៥០គ្រួសារ និងគ្រួសារអតីតយុទ្ធមិត្តចំនួន ១២៥គ្រួសារ ក្នុងមួយគ្រួសារទទួលបានអំណោយរួមមាន ៖ អង្ករ ២០គីឡូក្រាម ទឹកត្រី ១យួរ ទឹកសុទ្ធ ១យួរ មី ១កេស គ្រាប់ពូជបន្លែ ១កញ្ចប់ (មាន ៥ប្រភេទគ្រាប់ពូជ) និងថវិកា ៥ម៉ឺនរៀល ៕

ដោយ៖ គង្គា/ត្បូងឃ្មុំ/ដើមអម្ពិល/

To Top