សម្តេចតេជោ ៖ ជំហរកម្ពុជា គឺគោរពបទឈប់បាញ់ឱ្យបានយូរអង្វែង
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានប្រាប់ទូតតួកគីចប់អាណត្តិថា គោលជំហររបស់កម្ពុជា គឺរក្សាឱ្យបាននូវបទឈប់បាញ់ ឱ្យបានយូរអង្វែង ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងក្រោយកិច្ចជំនួប រវាងសម្តេចនិងលោកលោក Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគី ចប់អាណត្តិ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ថា សម្ដេចតេជោបានអរគុណ ចំពោះតួកគីដែលកន្លងមកបានចូលរួមចំណែក ផ្ដល់ជំនួយមនុស្សធម៌ ដល់ជនភៀសសឹករបស់កម្ពុជា នៅក្នុងបញ្ហាព្រំដែន កម្ពុជា-ថៃ ។

អ្នកនាំពាក្យគូសបញ្ជាក់ថា “សម្ដេចតេជោ ក៏ឆ្លៀតពន្យល់អំពីបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដែលលោកជំទាវបានជ្រាបផងដែរ ជាពិសេសគឺជំហររបស់កម្ពុជា ក្នុងការរក្សានូវបទឈប់បាញ់ឱ្យបានយូរអង្វែង និងការដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការចរចា” ។

សូមបញ្ជាក់ថា ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក រាជរដ្ឋាភិបាល និងកងកម្លាំងរបស់កម្ពុជា តែងតែប្រកាន់យ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួន និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ចំពោះសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ៕


