ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលេខាធិការដ្ឋានកិច្ចការព្រំដែន ស្នើទៅភាគីថៃបើកកិច្ចប្រជុំជាបន្ទាន់

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាបានស្នើសុំជាថ្មីទៅគណៈកម្មការ JBC ភាគីថៃ ដើម្បីរៀបចំកិច្ចប្រជុំពិសេសបន្ទាន់ពាក់ព័ន្ធបញ្ហាព្រំដែន ។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលជាតំណាងឱ្យគណៈកម្មការ JBC ភាគីកម្ពុជា បានស្នើសារជាថ្មីទៅគណៈកម្មការ JBC ភាគីថៃ តាមរយៈកំណត់ទូតចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីរៀបចំកិច្ចប្រជុំពិសេសបន្ទាន់ JBC និងជំរុញឱ្យបន្តអនុវត្តការងារនៅលើដីជាក់ស្តែង ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក ។

លោកថា ក្នុងខ្លឹមសារបានស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ នៅកាលបរិច្ឆេទសមស្របណាមួយ ចន្លោះពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ស្របតាមស្មារតីនៃកំណត់ហេតុ កិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ។

លោកប៉ែន បូណាបន្ថែមថា ភាគីកម្ពុជាស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរចុះលើដីជាក់ស្តែង នៅកាលបរិច្ឆេទសមស្របណាមួយ ចន្លោះពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដើម្បីបន្តអនុវត្តការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ស្ថិតក្នុងភូមិសាស្ត្រ ភូមិជោគជ័យនិងភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៥២-៥៩ ស្ថិតក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង ស្របតាមការព្រមព្រៀងគ្នានាពេលកន្លងមក ៕

To Top