សម្តេចធិបតី ទន្ទឹងរង់ចាំជួបនាយករដ្ឋមន្រ្តីវៀតណាមថ្មី
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាកំពុងទន្ទឹងរង់ចាំជួបពិភាក្សាការងារជាមួយ លោក ឡេ មិញហ្នឹង នាយករដ្ឋមន្ត្រីវៀតណាមថ្មី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ។

ក្នុងសារលិខិតអបអរសាទរចំពោះលោក ឡេ មិញហ្នឹង នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា ក្នុងឱកាសលោកត្រូវបានតែងតាំង ជានាយករដ្ឋមន្ត្រីវៀតណាម បានឆ្លុះបញ្ចាំងអំពីសេចក្តី ទុកចិត្ត និងជំនឿជឿជាក់ដែលបក្ស រដ្ឋ និងប្រជាជនវៀតណាមបានផ្តល់ជូនឯកឧត្តម ដោយទទួលស្គាល់នូវការលះបង់របស់ឯកឧត្តម ក្នុងការជំរុញការអភិវឌ្ឍ និងវិបុលភាពជាតិ។

សម្តេចធិបតីមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយសមត្ថភាព និងចក្ខុវិស័យវែងឆ្ងាយរបស់លោកនាយករដ្ឋមន្រ្តីវៀតណាមថ្មី និងក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម វៀតណាមនឹងបន្តសម្រេចបាននូវសមិទ្ធផលធំៗបន្ថែមទៀត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងបន្តលើកកម្ពស់តួនាទីរបស់ខ្លួននៅក្នុងកិច្ចការតំបន់ និងអន្តរជាតិ។
សម្តេចធិបតី បន្ថែមថា កម្ពុជា-វៀតណាម មានចំណងមិត្តភាពដ៏យូរអង្វែង ដែលបានចាក់ឫសយ៉ាងជ្រៅក្នុងភាពជាអ្នកជិតខាងល្អ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។ សម្តេចនាយករដ្ឋមន្រ្តីវាយតម្លៃខ្ពស់ចំពោះ ទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ ។ ដោយសម្តេចធិបតី ទន្ទឹងរង់ចាំជួបជាមួយលោកដើម្បីផ្លាស់ប្តូរ ទស្សនៈលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់ប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការ នៅក្នុងក្របខ័ណ្ឌអាស៊ាន និងក្របខ័ណ្ឌពហុភាគីនានា ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជនទាំងពីរ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី ៧ ខែមេសា រដ្ឋសភាវៀតណាមបានបោះឆ្នោតអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបោះឆ្នោតជ្រើសរើស លោក ឡេ មិញហ្នឹង ជានាយករដ្ឋមន្រ្តីវៀតណាម សម្រាប់អាណត្តិ ២០២៦-២០៣១ បន្តពីលោក ផាម មិញជីញ៕
