ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងឯកអគ្គរដ្ឋទូតកូរ៉េ ដឹកនាំកិច្ចសន្ទនាលើកទី៣ រវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-កូរ៉េ
ភ្នំពេញ ៖ នៅថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) រួមជាមួយ លោក KIM Changyong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា បានអញ្ជើញជាសហធិបតីដឹកនាំកិច្ចសន្ទនាលើកទី៣ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-កូរ៉េ។
កិច្ចសន្ទនាដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អនុប្រធានទី៣ ក.អ.ក., តំណាងជាន់ខ្ពស់មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ, ថ្នាក់ដឹកនាំទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ (KOTRA), ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ព្រមទាំងតំណាងសមាគមធុរកិច្ច និងវិស័យឯកជនកូរ៉េយ៉ាងច្រើនកុះករ។
លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កិច្ចសន្ទនានេះមិនមែនត្រឹមតែជាវេទិកាពិភាក្សាប៉ុណ្ណោះទេ ប៉ុន្តែគឺជាយន្តការការងារជាក់ស្តែង ដើម្បីស្វែងរកដំណោះស្រាយរួមគ្នាចំពោះករណីអាទិភាពនានា សំដៅបង្កលក្ខណៈងាយស្រួល និងបង្កើនភាពបត់បែនដល់ធុរកិច្ចកូរ៉េនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។
កិច្ចសន្ទនាបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងយោគយល់គ្នាខ្ពស់ ដោយបានផ្តោតលើការដោះស្រាយបញ្ហាដែលជាកង្វល់របស់វិនិយោគិនកូរ៉េ សំដៅរួមចំណែកក្នុងការលើកម្ពស់បរិយាកាសវិនិយោគ និងបរិស្ថានធុរកិច្ចនៅកម្ពុជា ក៏ដូចជាពង្រឹង និងពង្រីកវត្តមានរបស់សហគ្រាសកូរ៉េឱ្យមកបណ្តាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជាបន្ថែមទៀត។
ជាការឆ្លើយតប លោក KIM Changyong បានយកឱកាសនេះ សម្តែងនូវការវាយតម្លៃខ្ពស់ចំពោះការរៀបចំពិធីទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី១ រវាងរដ្ឋនិងវិស័យឯកជន ដែល ក.អ.ក. បានរៀបចំទទួលកាលពីថ្ងៃទី២ ខែមេសាកន្លងទៅ ដែលជាវេទិកាមួយផ្ដល់ឱកាសឱ្យភាគីរដ្ឋ និងឯកជន អាចជជែកពិភាក្សាក្រៅផ្លូវការបានយ៉ាងស៊ីជម្រៅ និងត្រង់ទៅត្រង់មកអំពីបញ្ហាប្រឈមជាក់ស្តែង។
ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការកោតសរសើរដោយស្មោះចំពោះរាជរដ្ឋាភិបាលកម្ពុជា លើកិច្ចខិតខំប្រឹងប្រែងប្រកបដោយប្រសិទ្ធភាពក្នុងការបង្ក្រាប និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលជាកត្តាដ៏សំខាន់ក្នុងការលើកកម្ពស់សន្តិសុខសេដ្ឋកិច្ច និងឌីជីថល៕
