ព័ត៌មានជាតិ

អាជ្ញាធរខេត្តតាកែវ ចុះដោះស្រាយផលប៉ះពាល់ជូនពលរដ្ឋ ១២៣គ្រួសារ ក្នុងគម្រោងព្រែកជីកហ្វូណនតេជោ នៅស្រុកទ្រាំង

តាកែវ ៖ នាសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ជើញចុះជួបសំណេះសំណាល និងដោះស្រាយបញ្ហាប្រឈមដោយផ្ទាល់ជូនប្រជាពលរដ្ឋចំនួន ១២៣គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោង «ព្រែកជីកហ្វូណនតេជោ» ស្ថិតក្នុងឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ។

ក្នុងឱកាស នៃការចុះជួបប្រជាពលរដ្ឋ រស់នៅភូមិស្វាយ ភូមិគ្រាំងធំ និងភូមិរវៀង បានលើកឡើងនូវសំណូមពរ ការទាមទារសំណង ក៏ដូចជា បញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការស្នើសុំវាស់វែងចេញប័ណ្ណកម្មសិទ្ធិដីធ្លី ផលប៉ះពាល់ដីនៅចំគម្រោងព្រែកជីកហ្វូណនតេជោ លើផ្ទៃដីសរុបប្រមាណជាង ១៣,៣៦៥,៧១០ ម៉ែត្រការ៉េ ដែលពាក់ព័ន្ធនឹងគម្រោងប្រវត្តិសាស្ត្រមួយនេះ។

បន្ទាប់ពីបានស្តាប់នូវមតិលើកឡើង និងកង្វល់របស់ប្រជាពលរដ្ឋ លោក វ៉ី សំណាង ក៏បានធ្វើការឆ្លើយតប និងដោះស្រាយភ្លាមៗនូវសំណូមពរទាំងនោះ។ លោក ក៏បានមានប្រសាសន៍ប្រាប់ឲ្យប្រជាពលរដ្ឋ ចាំជួបជាមួយមន្ត្រីបច្ចេកទេសជំនាញ ដើម្បីចុះផ្ទៀងផ្ទាត់ និងធ្វើការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋឱ្យបានច្បាស់លាស់។

ចំពោះបញ្ហាផលប៉ះពាល់ដីធ្លីដែលស្ថិតក្នុងគម្រោងព្រែកជីកហ្វូណនតេជោ លោក អភិបាលខេត្ត បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋបាលខេត្ត នឹងបន្តនីតិវិធីដោះស្រាយសំណងជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ និងយុត្តិធម៌បំផុត នៅពេលដែលក្រុមការងារចុះអនុវត្តការវាស់វែងជាក់ស្តែងនៅនឹងកន្លែង៕

To Top