ព័ត៌មានជាតិ

សម្តេចធិបតី៖ គោលដៅរបស់កម្ពុជា គឺពង្រីកជើងហោះហើរត្រង់ ជាមួយបណ្តាប្រទេស នៅជុំវិញពិភពលោក

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា គោលបំណងចម្បង របស់កម្ពុជា គឺការពង្រីកជើងហោះហើរត្រង់ មកកម្ពុជា ពីបណ្តាប្រទេសនានា នៅជុំវិញពិភពលោក ។ 

ការគូសបញ្ជាក់របស់សម្តេចធិបតី ធ្វើឡើងកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ក្នុងពេលអនុញ្ញាតឱ្យលោក Rémi Maumont de Longevialle នាយកប្រតិបត្តិក្រុមហ៊ុន VINCI Airports ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាធារណរដ្ឋបារាំង។

ក្នុងជំនួបនេះ នាយកប្រតិបត្តិក្រុមហ៊ុនខាងលើនេះ បានលើកឡើងអំពីវឌ្ឍនភាពនៃអាជីវកម្ម និងផែនការសកម្មភាពរបស់ក្រុមហ៊ុន ដែលកំពុងផ្តោតលើការផ្សារភ្ជាប់ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអាកាសចរណ៍ នៃបណ្តាប្រទេសនានា ក្នុងគោលបំណងពង្រីកការតភ្ជាប់ ជើងហោះហើរត្រង់ មកកាន់កម្ពុជា ព្រមទាំងជំរុញការផ្សព្វផ្សាយ អំពីសក្តានុពលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរ ឱ្យមកកម្សាន្តនៅកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត។

លោកនាយក ក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុន ក្នុងការចូលរួម ជាមួយរាជរដ្ឋាភិបាល ដើម្បីជំរុញ និងអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍ ក៏ដូចជាស្វែងរកកាលានុវត្តភាពថ្មីៗក្នុងការបន្តពង្រីកការវិនិយោគ និងប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត។

ជាគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកអំពីការដាក់ឱ្យដំណើរការជាផ្លូវការនូវ «អាកាសយានដ្ឋានអន្តរជាតិតេជោ» ហើយរាជរដ្ឋាភិបាល បានប្រគល់ភារកិច្ចជូនក្រសួងស្ថាប័នពាក់ព័ន្ធ ពិភាក្សាជាមួយក្រុមហ៊ុន និងវិស័យឯកជន ដើម្បីស្វែងរកមធ្យោបាយថ្មីៗ សំដៅជំរុញសមត្ថភាព ប្រកួតប្រជែងរបស់កម្ពុជា។

សម្តេចធិបតី បានសង្កត់ធ្ងន់ថា គោលបំណងចម្បងរបស់កម្ពុជា គឺការពង្រីកជើងហោះហើរត្រង់មកកម្ពុជា ពីបណ្តាប្រទេសនានានៅជុំវិញពិភពលោក។

បន្ថែមលើនេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចពិភាក្សា និងផ្សារភ្ជាប់ទំនាក់ទំនង ឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកកាលានុវត្តភាពថ្មីៗ និងអភិវឌ្ឍអាជីវកម្មរបស់ក្រុមហ៊ុន ឱ្យកាន់តែជោគជ័យបន្ថែមទៀតផងដែរ៕

To Top