ទោះបីតម្លៃប្រេងឥន្ធនៈកើនឡើង ក៏រដ្ឋបាលរាជធានីភ្នំពេញ បន្តបញ្ចេញរថយន្តក្រុង ដឹកជញ្ជូនពលរដ្ឋ ទៅស្រុកកំណើតចូលឆ្នាំដដែល
ភ្នំពេញ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បើទោះបីប្រេងឥន្ធនៈ មានការកើនឡើងតម្លៃយ៉ាងគំហុកយ៉ាងណាក្តី ប៉ុន្តែសម្រាប់រដ្ឋបាលរាជធានីភ្នំពេញ នៅតែប្រើប្រាស់រថយន្តក្រុង ប្រមាណ៦០០គ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ទៅលេងស្រុកកំណើត នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះដដែរ ។

ការលើកឡើងរបស់លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បែបនេះបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ នៅសាលារាជធានីភ្នំពេញ ។

ក្នុងកិច្ចប្រជុំនេះ លោក ម៉ប់ សារិន បានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យមន្ត្រីរាជការ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ សន្សំសំចៃពីការចំណាយផ្សេងៗ ដោយសារតែស្ថានភាពសេដ្ឋកិច្ច មានការប្រែប្រួលពិសេស គឺតម្លៃប្រេងបានកើនឡើងយ៉ាងគំហុក មិនថានៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបណ្ដាលប្រទេសផ្សេងៗ នៅលើពិភពលោក ដែលផ្តើមឡើងពីផលប៉ះពាល់ នៃសង្គ្រាមអ៊ីស្រាអែល និងអាមេរិក ជាមួយអ៊ីរ៉ង់ ។ ក្នុងនោះ លោក ម៉ប់ សារិន បានអំពាវនាវឱ្យរួមគ្នា សន្សំសំចៃការចំណាយផ្សេងៗផងដែរ។

ជាមួយគ្នានេះ លោក ម៉ប់ សារិន និងសមាជិកក្រុមប្រឹក្សា បានលើកឡើងទៀតថា បើទោះបីប្រេងឥន្ធនៈ មានការកើនឡើងតម្លៃយ៉ាងគំហុកយ៉ាងណាក្តី ប៉ុន្តែសម្រាប់រដ្ឋបាលរាជធានីភ្នំពេញ នៅតែប្រើប្រាស់រថយន្តក្រុង ប្រមាណ៦០០គ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ទៅលេងស្រុកកំណើត នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ដែលនេះបានបង្ហាញឱ្យឃើញ ពីការគិតគូរពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ។

នៅក្នុងឱកាសនោះ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ក៏បានលើកឡើងពីផលប៉ះពាល់ ដែលបណ្ដាលមកពីការឡើងថ្លៃប្រេងឥន្ធនៈ និងបានលើកឡើងពីការគិតគូរបស់រាជរដ្ឋាភិបាល ជុំវិញតម្លៃប្រេងឡើងថ្លៃនេះផងដែរដោយរាជរដ្ឋាភិបាលបានប្រឹងប្រែងក្នុងការទប់ស្កាត់កុំឱ្យតម្លៃប្រេងឡើងថ្លៃស្រេចតែចិត្ត។ ជាមួយគ្នានោះដែរ លោក ហួត ហៃ ក៏បានអំពាវនាវឱ្យរួមគ្នាសន្សំសំចៃ ក្នុងការចំណាយផ្សេងៗផងដែរ៕

