ព័ត៌មានជាតិ

៣ចំណុចសម្តេចធិបតី ប្រាប់ប្រធានាធិបតីបារាំង ពីការពិតយោធាថៃបំពានកម្ពុជា

ភ្នំពេញ ៖ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបាននិយាយការពិតពីបញ្ហាព្រំដែនកម្ពុជា-ថៃទៅប្រធានាធិបតីបារាំង អំឡុងពេលបំពេញទស្សនកិច្ចនៅបារាំងចំនួន៣ចំណុច ។

ក្នុងសន្និសីទសារព័ត៌មាន ក្រោយមាតុភូមិនិវត្តរបស់សម្តេចធិបតី ពីប្រទេសបារាំងវិញ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងថា សម្ដេចធិបតី មានប្រសាសន៍ទៅកាន់ប្រធានាធិបតីបារាំង៣ចំណុចពីបញ្ហាព្រំដែនកម្ពុជា-ថៃ រួមមាន ៖ ទី១-បង្ហាញពីភាពតាងតឹងអចិន្រ្ដៃយ៍ដែលកំពុងបន្តគ្រប់ដណ្ដប់តាមព្រំដែនកម្ពុជា-ថៃ ដោយសារយោធាថៃនៅបន្តចូលកាន់ជ្រៅឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជា , កម្ទេចផ្ទះសំបែង និងរារាំងពលរដ្ឋខ្មែរមិនឱ្យទៅផ្ទះវិញ ព្រមទាំងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរឹងមាំ។

សម្រាប់ចំណុចទី២-សម្ដេចធីបតីបញ្ជាក់ថា ដាច់ខាតកម្ពុជាមិនទទួលស្គាល់ឡើយ នូវសកម្មភាពការកែប្រែខ្សែបន្ទាត់ព្រំដែនដែលខុសច្បាប់អន្តរជាតិ បានន័យថា ទោះបីថៃឈ្លានពានយកទឹកដីកម្ពុជាក្ដី ប៉ុន្តែកម្ពុជាមិនទទួលស្គាល់ឡើយ និងទី៣សម្ដេចធីបតី មានប្រសាសន៍ថា កម្ពុជាប្រកាន់គោលជំហរដោះស្រាយជម្លោះព្រំដែនដោយសន្ដិវិធី ផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញាដែលមានស្រាប់ និងគ្រប់កិច្ចព្រមព្រៀងដែលភាគីកម្ពុជា-ថៃបានចុះហត្ថលេខាឯកភាពគ្នាកន្លងមក ។

លោកថា “សម្តេចធិបតីលើកឡើងពីការពិត ដោយឈរលើគោលការណ៍មួយច្បាស់ នោះគឺកម្ពុជាត្រូវតែផ្សព្វផ្សាយ កម្ពុជាត្រូវតែលាតត្រដាងស្ថានភាពនៅតាមព្រំដែនជាមួយថៃ ដោយមិនបំផ្លើសឱ្យហួសការពិត ។ តែទន្ទឹមនឹងនេះ ដោយមិនបង្រួនឱ្យតូចជាងការពិតនោះទេ”។

បន្ថែមពីលើនេះដែរ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ទៀតថា ដូចគ្នាទៅនឹងស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃនេះ មិនមែនកើតមានឡើងតែនៅកម្ពុជា-ថៃនោះទេ គឺមានច្រើនណាស់នៅលើពិភពលោក ខណៈជម្លោះបែបយោធានេះ អ្នកដែលមានកម្លាំងយោធាខ្លាំងមិនមែនចេះតែឈ្នះរហូតនោះទេ ។ ឧទាហរណ៍ដូចជា ករណីទីម័រឡេស្ដេ និងករណី ប្រទេសប៉ាណាម៉ា ដែលជម្លោះនេះទាមទារពេលវេលា និងកាលៈទេសៈក្នុងការដោះស្រាយ៕

To Top