លោក ហ្សង់ហ្វ្រង់ស័រ តាន់៖ សម្តេចធិបតី និងប្រធានាធិបតីបារាំង ស្គាល់គ្នាច្បាស់ និងរាប់អានគ្នាខ្លាំង
ភ្នំពេញ៖ លោក ហ្សង់ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Emmanuel Macron ប្រធានាធិបតីបារាំង ស្គាល់គ្នាច្បាស់ និងរាប់អានគ្នាខ្លាំង ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយមាតុភូមិនិវត្តរបស់សម្តេចធិបតី ពីប្រទេសបារាំង នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថា នៅបារាំង សម្តេចធិបតី បំពេញការងារសំខាន់ៗជាសារវន្ត ចំនួន២ ទី១ នៅថ្ងៃ៧មេសា ក្នុងទីក្រុងលីយ៉ុង សម្តេចធិបតី អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូល ស្តីពីសុខភាពតែមួយ (One Health Summit) និងទី២ នៅថ្ងៃ៨មេសា រដ្ឋធានីបារីស នៅវិមានប្រធានាធិបតីបារាំងតែម្តង សម្តេចធិបតី អញ្ជើញជួបពិភាក្សាការងារ ជាមួយប្រធានាធិបតីបារាំង Emmanuel Macron ។
ជំនួបការងារនេះ ត្រូវបាន លោក ហ្សង់ហ្វ្រង់ស័រ តាន់ អះអាងថា ប្រព្រឹត្តិទៅក្រោមបរិយាកាសស្និទ្ធស្នា និងស្មោះស្ម័គ្រ ស្មោះស្ម័គ្រនៅក្នុងការផ្លាស់ប្តូរយោបល់មតិ, ស្មោះស្ម័គ្រនៅក្នុងការពង្រឹង មិត្តភាពផ្ទាល់តែម្តង រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីបារាំង Macron និងស្មោះស្ម័គ្របំផុត នៅក្នុងការពង្រឹងពង្រីកបន្ថែម កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-បារាំង ដែលបាននិងកំពុងបន្តរីកចម្រើន ក្នុងវិស័យនយោបាយ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ និងវប្បធម៌ ។
ក្នុងនោះ លោក ថែមទាំងបានបញ្ជាក់ថា គោលដៅនៃជំនួបរវាងមេដឹកនាំទាំងពីរ គឺពង្រីកទំនាក់ទំនងកម្ពុជា បារាំង ឱ្យក្លាយជាភាពដៃគូយុទ្ធសាស្ត្រ នាពេលឆាប់ៗនេះ ។
បន្ថែមលើនេះ លោក ហ្សង់ហ្វ្រង់ស័រ តាន់ បានមានប្រសាសន៍ថា “សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតីបារាំង ស្គាល់គ្នាច្បាស់ និងរាប់អានគ្នាខ្លាំង មិនតែប៉ុណ្ណោះ មេដឹកនាំទាំងពីរ មានទស្សនវិស័យសកលរួមគ្នា នោះគឺការរក្សាពិភពលោកមួយ ប្រកបដោយស្ថេរភាព និងសន្តិភាព ដែលមានមូលដ្ឋាន នៅលើពហុភាគីនិយម ការគោរពច្បាប់អន្តរជាតិ ការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃបណ្តាប្រទេសនានាក្នុងពិភពលោក” ។
គួរឱ្យដឹងថា លោក Emmanuel Macron ប្រធានាធិបតីបារាំង នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋ មកកាន់ព្រះរាជាណាចក្រកម្ពុជា និងការចូលរួមក្នុងកិច្ចប្រជុំកំពូល បណ្តាប្រទេសនិយាយភាសាបារាំងលើកទី២០ (20th Francophonie Summit) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ៕
