ព័ត៌មានជាតិ

ប្រមុខរដ្ឋស្តីទី អំពាវនាវ ជនរួមជាតិជឿជាក់ រាជរដ្ឋាភិបាល ដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានស្នើឱ្យជនរួមជាតិជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះការប្តេជ្ញាចិត្ត ដ៏ខ្ជាប់ខ្ជួន និងឥតងាករេក្នុងការ ស្វែងរកដំណោះស្រាយបញ្ហាប្រឈមនានា ជាពិសេសជម្លោះព្រំដែនកម្ពុជា-ថៃ។

ក្នុងសារលិខិតផ្ញើជនរួមជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ស្ថិតក្នុងស្ថានភាពវិបត្តិសកលលោកវិវត្តយ៉ាងឆាប់រហ័ស ក្នុងនាមជាប្រធានព្រឹទ្ធសភា និងជាជន រួមជាតិខ្មែរម្នាក់ សម្តេចអំពាវនាវដល់ជនរួមជាតិទាំងមូល ជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចំពោះការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួន និងឥតងាករេក្នុងការស្វែងរកដំណោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាការដោះស្រាយជម្លោះព្រំដែន នឹងការចូលកាន់កាប់ដីខុសច្បាប់នៅទីតាំងមួយចំនួនពីសំណាក់ប្រទេសថៃ ឬក៏បញ្ហាព្រំដែនជាមួយប្រទេសជិតខាងណាមួយ តាមរយៈយន្តការសន្តិវិធី ច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីនានា។

សម្តេចតេជោបន្តថា រាល់ការសម្រេចចិត្ត និង ការអនុវត្តរបស់រាជរដ្ឋាភិបាល គឺផ្អែកលើឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ព្រមទាំងការរួមរស់ជាមួយគ្នា ដោយសន្តិភាពជាមួយប្រទេសជិតខាង។

ជាមួយគ្នានេះ សម្តេចតេជោលើកទឹកចិត្តប្រជាជាតិកម្ពុជាទាំងមូល បន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល និងសហការកសាងសង្គមជាតិឱ្យកាន់តែរីកចម្រើន ស្ថិរភាព សង្គតិភាព សច្ឆិកិរិយា និងការពូនជ្រំ សមិទ្ធផល, រក្សាសមិទ្ធផលចាស់ បង្កើនសមិទ្ធផលថ្មី, ប្រមូលផ្តុំកម្លាំង និងចំណេះដឹង ចំណេះធ្វើពីមួយជំនាន់ ទៅមួយជំនាន់ ដែលការណ៍នេះ គឺជាការអនុវត្តភារកិច្ចជាអមតៈ និងការទទួលខុសត្រូវរួមរបស់ប្រជាជាតិកម្ពុជាទាំងមូល ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០ និងបន្តភាពរុងរឿងនៃព្រះរាជាណាចក្រកម្ពុជា ៕

To Top