លោក ហេង សួរ ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ត្រូវជាម្តាយបង្កើតរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត
ភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ត្រូវជាម្តាយបង្កើតរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលបានទទួលមរណភាព នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នាវេលាម៉ោង ១:១២ នាទីរំលងអាធ្រាត្រ ក្នុងជន្មាយុ ៩៥ឆ្នាំ ដោយជរាពាធ។

លោករដ្ឋមន្ត្រីបានចាត់ទុកមរណភាពរបស់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង គឺជាការបាត់បង់នូវម្តាយបង្កើត ម្តាយក្មេក និងជីដូន ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ដ៏ល្អប្រពៃចំពោះ បុត្រា បុត្រី ចៅប្រុស ចៅស្រី និងជាការបាត់បង់នូវពុទ្ធសាសនិកដ៏ឆ្នើមមួយរូប ដែលបានបរិច្ចាគនូវធនធាន និងសទ្ធាជ្រះថ្លាដ៏មុតមាំក្នុងការរួមចំណែកកសាងលើកស្ទួយវិស័យព្រះពុទ្ធសាសនា នៅកម្ពុជា។

ក្នុងឱកាសប្រកបដោយសេចក្តីខ្សឹកខ្សួលរំជួលចិត្តដ៏មហាក្រៀមក្រំនេះ លោករដ្ឋមន្ត្រី ហេង សួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមសម្តែងនូវសមានទុក្ខប្រកបដោយអនិច្ចលក្ខណធម៌ ដ៏មហាជ្រាលជ្រៅ ព្រមទាំងក្តីសង្វេគដ៏មហាធំធេង និងពោរពេញដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យ ជាអនេកប្បការជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង សូមឆាប់បានយោនយកកំណើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕




