ព័ត៌មានជាតិ

លោក ឃួង ស្រេង៖ ប្រជាពលរដ្ឋ កម្មករ កម្មការិនី មកជិះរថយន្តក្រុងដោយមិនគិតថ្លៃ កើនឡើងខ្លាំងជាងបណ្តាឆ្នាំមុនៗ

ភ្នំពេញ៖​ លោក ឃួង ស្រេង អភិបាលរាធានីភ្នំពេញ បានថ្លែងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦នេះ បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី បានមកជិះរថយន្តក្រុង ដោយមិនគិតថ្លៃ មានចំនួនច្រើនខ្លាំង ជាងបណ្តាឆ្នាំមុនៗ ខណៈកំណើននេះ ដោយសារតែការជឿជាក់ លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងម្យ៉ាងទៀត ដោយសារតម្លៃប្រេងឥន្ទនៈឡើងថ្លៃផងដែរ។

ការលើកឡើងរបស់ លោក ឃួង ស្រេង ខាងលើនេះ ធ្វើឡើងក្នុងពេលដែលលោក និងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង គ្រុប អញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ឡើងជិះរថយន្តក្រុង ទៅលេងស្រុកកំណើត ដោយមិនគិតថ្លៃ នាព្រឹកព្រលឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦នេះ នៅទីលានប្រជាធិបតេយ្យ មុខឃ្លាំងសាំង ក្នុងខណ្ឌឬស្សីកែវ ។

លោក ឃួង ស្រេង បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បើទោះបីតម្លៃប្រេងឥន្ទនៈ មានការឡើងថ្លៃខ្ពស់យ៉ាងណាក៏ដោយ សម្តេចធិបតី ដាច់ខាតត្រូវតែបម្រើប្រជាពលរដ្ឋឱ្យខាងតែបាន នោះគឺការដឹកជញ្ជូនពួកគាត់ តាមរថយន្តក្រុង ទៅលេងស្រុកកំណើត ដោយមិនគិតថ្លៃ។ ចំណែក រដ្ឋបាលរាជធានីភ្នំពេញ ក្រោយពីមានការណែនាំ ពីសម្ដេចធិបតីហ៊ុនម៉ាណែត យើងបានប្រើប្រាស់រថយន្តក្រុងចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋ កម្មករកម្មការិនីទៅលេងស្រុកកំណើត ដោយមិនបង់ប្រាក់រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ពោលគឺដឹកជញ្ជូនពួកគាត់ទាំងទៅនិងមក។

គួរបញ្ជាក់ផងដែរថា អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារ ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ លើកទី១១ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីជួយសម្រួលដល់ការចំណាយ របស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០៕

To Top