ព័ត៌មានជាតិ

លោក សុខ សូកេន ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ រៀបចំពិធីសូត្រមន្ត ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និង លោកស្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងប្រគេនទេយ្យទានដល់ព្រះសង្ឃ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។

ពិធីនេះត្រូវបានរៀបចំឡើង នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ក្នុងគោលបំណងបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន និងពរជ័យសិរីមង្គលពីទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ឱ្យទទួលបាននូវជោគជ័យក្នុងភារកិច្ចបម្រើជាតិ និងប្រជាជន។ បន្ទាប់ពីកិច្ចតាមបែបសាសនា ក្រសួងក៏បានរៀបចំការសម្ដែង របាំត្រុដិ របាំជូនពរ និងការសម្តែងឆៃយ៉ាំ ដើម្បីបណ្ដេញនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងទទួលយកនូវសិរីសួស្តីបវរមហាប្រសើរសម្រាប់ឆ្នាំថ្មីផងដែរ។

ក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី និងលោកស្រីបានជូនពរជ័យជូនចំពោះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃក្រសួងអធិការកិច្ចទាំងអស់ ឱ្យជួបប្រទះតែសេចក្តីសុខសុភមង្គល និងសុខភាពល្អបរិបូរណ៍ ព្រមទាំងបានឧបត្ថម្ភថវិកាដ៏ថ្លៃថ្លាជូនដល់ មន្រ្តីសន្តិសុខ និងបុគ្គលិកអនាម័យទាំងអស់នៃក្រសួងអធិការកិច្ច ដែលបានខិតខំបំពេញភារកិច្ចក្នុងស្មារតីទទួលខុសត្រូវខ្ពស់នាពេលកន្លងមក ក្នុងនាមជាគ្រួសារអធិការកិច្ចតែមួយ៕

To Top