ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតី ក្នុងកម្មវិធីសប្បុរសធម៌ ដើម្បីសាកសួរសុខទុក្ខ ឈ្វេងយល់ស្ថានភាពរស់នៅរបស់អ្នកធាក់ស៊ីក្លូ

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមជាអធិបតី ក្នុងកម្មវិធីសប្បុរសធម៌ របស់សមាគមកាយឫទ្ធិនារីកម្ពុជា ដើម្បីសាកសួរសុខទុក្ខ ឈ្វេងយល់អំពីជីវភាព និងស្ថានភាពរស់នៅរបស់អ្នកប្រកបរបរធាក់ស៊ីក្លូ (ត្រីចក្រយាន) ដែលជាសមាជិករបស់ សមាគមមូលនិធិត្រីចក្រយានកម្ពុជា នៅសាលារាជធានីភ្នំពេញ ។

ក្នុងឱកាសនេះ លោកជំទាវបណ្ឌិត បាននាំយកប្រសាសន៍សួរសុខទុក្ខ ប្រកបដោយក្តីនឹករលឹក និងយកចិត្តទុកដាក់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនលោកតា លោកអ៊ំ លោកពូ ក៏ដូចជាសមាជិកទាំងអស់ របស់សមាគមមូលនិធិត្រីចក្រយានកម្ពុជា ។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ក៏បានភ្ជាប់មកនូវអំណោយជាថវិកា គ្រឿងឧបភោគបរិភោគ រួមជាមួយសម្ភារៈបរិក្ខារនានាដែលជាអំណោយផ្ទាល់របស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សមាជិក របស់សមាគមមូលនិធីត្រីចក្រយានកម្ពុជា ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ ជាពិសេសគឺដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ ។

បន្ថែមពីលើនេះ ជាការគិតគូរចំពោះការអភិវឌ្ឍធនធានមនុស្សកម្ពុជា លោកជំទាវបណ្ឌិត បានមានប្រសាសន៍ផ្តល់ជូនអាហារូបករណ៍សម្រាប់ថា្នក់បរិញ្ញាបត្រ ឬ បរិញ្ញាបត្ររង តាមរយៈ សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កូន ចៅរបស់លោកតា លោកអ៊ំ លោកពូ ដែលជាសមាជិក របស់សមាគមមូលនិធិត្រីចក្រយានកម្ពុជាផងដែរ ដើម្បីជាការចូលរួម អភិវឌ្ឍមូលធនមនុស្សរបស់កម្ពុជា។

ជាមួយគ្នា ឃួង ស្រេង ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិត្រីចក្រយានកម្ពុជា បានគូសបញ្ជាក់ថា សមាគមមានសមាជិកសកម្ម ដែលជាអ្នកប្រកបរបរធាក់ស៊ីក្លូរ សរុប ៣៨៣នាក់ ដោយក្នុងនោះសមាជិកចាស់២៨៥នាក់ និងសមាជិកបញ្ចូលថ្មី ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន៩៨នាក់៕

To Top