ព័ត៌មានជាតិ

សង្ក្រាន្តខ្មែរនៅជប៉ុន៖ ពលករ និងសហគមន៍ខ្មែរជិត ៥០០០នាក់រួមគ្នារៀបចំ និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ជប៉ុន៖ នៅថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២៦ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកម្មវិធី “សង្រ្កាន្តខ្មែរនៅជប៉ុន” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ នៅសួន Keyaki ទីក្រុងយូគិ ខេត្តអ៊ីបារ៉ាគិ ប្រទេសជប៉ុន  ក្រោមអធិបតីភាព លោក​ ហាំង តុលា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងបងប្អូនសហគមន៍ខ្មែរ និស្សិត កម្មសិក្សាការី ពលករ សរុបប្រមាណជិត ៥ ០០០នាក់។

លោករដ្ឋលេខាធិការ បានពាំនាំនូវសេចក្ដីនឹករលឹក ការផ្ដាំផ្ញើសួរសុខទុក្ខ និងពរសព្វសាធុការ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ក៏ដូចជាឯកឧត្តមរដ្ឋមន្ត្រី ជូនចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅក្នុងប្រទេសជប៉ុនទាំងអស់។

កម្មវិធីនេះត្រូវបានរៀបចំឡើងដោយមានពិធីសាសនាសំខាន់ៗ ដូចជាបង្សុកូល រាប់បាត្រ ស្រង់ព្រះ ពូនភ្នំខ្សាច់ ការលេងល្បែងប្រជាប្រិយ ដូចជាបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ជាដើម។

បន្ថែមលើនេះ ក៏មានការឧទ្ទិសកុសលដល់វីរៈកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ និងពិធីបួងសួងសុំសន្តិភាពសម្រាប់កម្ពុជា។ ស្តង់មូលនិធិវីរៈជូនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក ត្រូវបានរៀបចំដែលអ្នកចូលរួមអាចសរសេរជាសារលើកទឹកចិត្ត នឹករលឹក និងជូនពរដល់វីរៈកងទ័ពដែលកំពុងឈរជើងការពារទឹកដី។

កម្មវិធីនេះក៏បានដាក់បង្ហាញស្តង់ម្ហូបអាហារខ្មែរ ផលិតផលខ្មែរ និងការបង្ហាញនូវផ្ទាំងទស្សនីយភាពរបាំជូនពរ របាំត្រុដិ ព្រមទាំងការរាំលេងកម្សាន្តចង្វាក់ប្រពៃណី ដោយមានសហការយ៉ាងជិតស្និទ្ធជាមួយ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ក្រុមការងារ ESEA សមាគមមិត្តយើង សមាគមកម្ពុជា-ជប៉ុន គិបូ និងសមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន។

សូមបញ្ជាក់ថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែរៀបចំកម្មវិធីសង្ក្រាន្តចូលឆ្នាំប្រពៃណីខ្មែរ នៅតាមបណ្តាប្រទេសដែលមានបងប្អូនពលករខ្មែរធ្វើការ។ ក្នុងឆ្នាំ២០២៦នេះ មានពិធីបុណ្យចូលឆ្នាំចំនួន ១៣ទីតាំងនៅទូទាំងប្រទេសជប៉ុន ដែលកម្មវិធីសង្ក្រាន្ដខ្មែរនៅជប៉ុន នៅខេត្តអ៊ីបារ៉ាគិនេះ គឺជាកម្មវិធីធំជាងគេ៕

To Top