ព័ត៌មានជាតិ

ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំ នៅរាជធានីភ្នំពេញ មានប្រជាពលរដ្ឋ ជិត១លាននាក់ ចូលរួមលេងកម្សាន្តអបអរឆ្នាំថ្មី

ភ្នំពេញ៖​ នាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីមានភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានចូលរួមអបអរសាទរ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »នៅទូទាំងរាជធានីភ្នំពេញនាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ មានបងប្អូនប្រជាពលរដ្ឋ ជិត១លាននាក់ ដែលក្នុងនោះពលរដ្ឋខ្មែរ មាន៩៨៣,០៨០នាក់ និងភ្ញៀវទេសចរអន្តរជាតិ  ចំនួន ៧,០៦៨នាក់ ។

តាមការឱ្យដឹងរបស់លោកស្រី ដោ សម្ផស្ស នាយិការរងនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥មេសនេះថា ទីតាំងរៀបចំទាំង៦ទីតាំង និងទីតាំងថ្មីមួយទៀតនៅអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ សុទ្ធតែទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមលេងល្បែងប្រជាប្រិយ យ៉ាងច្រើនកុះករ បន្ថែមពីនេះនៅតាមទីវត្តអារាម និងបណ្តាខណ្ឌទាំង១៤ ក៏មានការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តដូចគ្នាដែរ ។

លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ទៀតថា ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋ ដើរលេងកម្សាន្តវិលល្ងាចចំនួន ៩៨៣,០៨០នាក់ និងមានភ្ញៀវទេសចរបរទេស ចំនួន ៧,០៦៨នាក់ ។

សូមបញ្ជាក់ថា ឆ្នាំនេះព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ត្រូវបានរៀបចំឡើង រយៈពេល៦ថ្ងៃនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងរដ្ឋបាលរាជធានីភ្នំពេញ។មានការលេងល្បែងកំសាន្ត ល្បែងប្រជាប្រិយ៍ខ្មែរ នៅគ្រប់ទីប្រជុំជនដូចជា៖ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ ផ្លូវថ្មើជើងចតុមុខ តាមដងទន្លេសាបចាប់ពីផ្សាររាត្រី ដល់មុខព្រះរមរាជវាំង ,មានភូមិវប្បធម៌ អតីតទីលានប្រជាធិបតេយ្យ ដល់ផ្សាររាត្រីនិងនៅតាមទីប្រជុំជននានាជាច្រើនកន្លែងទៀត៕

To Top