ព័ត៌មានជាតិ

ពលករ និងសហគមន៍ខ្មែរនៅប្រទេសម៉ាឡេស៊ី ជួបជុំរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ យ៉ាងសប្បាយរីករាយដើម្បីបង្ហាញពីវប្បធម៌ប្រពៃណីជាតិដ៏ផូរផង់

ភ្នំពេញ៖ ពលករ សហគមន៍ខ្មែរ និងនិស្សិតដែលកំពុងធ្វើការងារ និងស្នាក់នៅក្នុងប្រទេសម៉ាឡេស៊ី បានរៀបចំអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៦នេះយ៉ាងសប្បាយរីករាយនិងអធិកអធម ដើម្បីបង្ហាញវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ និងអត្តសញ្ញាណជាតិខ្មែរលើឆាកអន្តរជាតិឱ្យកាន់តែរឹងមាំ។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅប្រទេសម៉ាឡេស៊ី រៀបចំឡើងក្រោមកិច្ចសហការរវាងក្រុមការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី និងក្រុមការងារយុវជននៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ( ESEA) នៅទីតាំងចំនួន២កន្លែង ដែលមានអ្នកចូលរួមជាង ៥០០នាក់។

ពិធីជួបជុំដ៏សប្បាយអឺងកងនេះ ជាពេលវេលាដ៏សំខាន់សម្រាប់បងប្អូនខ្មែរនៅក្រៅប្រទេសក្នុងការរួបរួមសាមគ្គីភាព បន្តរក្សាប្រពៃណីទំនៀមទម្លាប់ និងបង្ហាញអត្តសញ្ញាណជាតិខ្មែរឱ្យកាន់តែរឹងមាំនៅលើឆាកអន្តរជាតិដែលមានទាំងពិធីសាសនា ការលេងល្បែងប្រពៃណី ការរាំកម្សាន្ត និងការជួបជុំពិសារអាហារដែលជាការពូនជ្រំសាមគ្គីភាពរបស់បងប្អូនជនរួមជាតិខ្មែរតែមួយបើទោះបីជានៅទីណាក៏ដោយ៕

To Top