ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ ការវះកាត់របស់គ្រូពេទ្យចិន ថ្វាយចំពោះ ព្រះមហាក្សត្រ បានទទួលជោគជ័យហើយ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឱ្យដឹងថា សម្ដេច កំពុងស្ថិតនៅមន្ទីរពេទ្យក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ហើយការវះកាត់របស់គ្រូពេទ្យចិន ថ្វាយចំពោះ ព្រះមហាក្សត្រជាទីគោរពសក្ការៈ បានទទួលជោគជ័យហើយ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន ថា «ថ្វាយបង្គំ សម្តេច ព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទី គោរពសក្ការៈ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ពេលនេះខ្ញុំព្រះករុណាខ្ញុំកំពុងស្ថិតនៅ មន្ទីរពេទ្យក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិនសូមទូល ប្រគេន និងជំរាបជូនបងប្អូនជនរួមជាតិថា ការវះកាត់របស់គ្រូចិនពេទ្យថ្វាយ ចំពោះព្រះមហាក្សត្រ ជាទីគោរពសក្ការៈបានទទួលជោគជ័យហើយ»។

សម្ដេចតេជោ បន្ដថា «ការវះកាត់បានធ្វើនៅព្រឹកថ្ងៃ២០ ខែមេសាឆ្នាំ២០២៦នេះ។ ពេលនេះ ព្រះករុណាព្រះអង្គ បានដឹងព្រះកាយបន្ទាប់ពីអស់ថ្នាំសណ្តំ ។ ពេលនេះគ្រូពេទ្យកំពុងតាមដានដោយយកចិត្តទុកដាក់នូវការវិវត្តប្រែប្រួលក្រោយការវះកាត់។ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែព្រះអង្គ សូមអរព្រះគុណ និងអរគុណ ចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលបានផ្ញើសារថ្វាយ ព្រះពរចំពោព្រះអង្គ»។

សម្ដេច ប្រធានព្រឹទ្ធសភា កម្ពុជា ក៏បានថ្លែងអំណរគុណប្រធាធិបតី ស៊ី ជីនភីង រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានយកចិត្តទុកដាក់ ចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រកម្ពុជា។ សូមអរគុណជាពិសេសដល់ក្រុមគ្រូពេទ្យដ៏ពូកែ ដែលបានវះកាត់ ប្រកបដោយជោគជ័យ និងសុវត្តិភាពសម្រាប់ព្រះមហាក្សត្រ ជាទីគោរពស្រឡាញ់ របស់ប្រជាជនកម្ពុជា។

សម្ដេច បន្ថែមថា «សម្រាប់ខ្ញុំព្រះករុណា និងកូនប្រុសពីរនាក់ ហ៊ុន ម៉ានិត និង ហ៊ុន ម៉ានី បានមកដល់ប៉េកាំង តាំងពីថ្ងៃ១៧ ខែមេសា ឆ្នាំ២០២៦ មកម្ល៉េះ ដែលមានគោលដៅតែមួយគត់ គឺកំដរព្រះមហាក្សត្រ និងហ្លួងម៉ែ ក្នុងពេលវេលាដ៏លំបាកនេះ ព្រោះព្រះរាជសុខភាព របស់ព្រះមហាក្សត្រ គឺជាសុខភាពរបស់ប្រទេសជាតិទាំងមូល ។ ក្នុងករណីព្រះរាជសុខភាពព្រះមហាក្សត្របានប្រសើរ ខ្ញុំព្រះករុណានឹងត្រឡប់ទៅប្រទេសវិញ នៅថ្ងៃ២២ ខែមេសា ឆ្នាំ២០២៦»៕

To Top