ព័ត៌មានជាតិ

រាជរដ្ឋាភិបាល កំពុងបន្តតាមដានសកម្មភាពកងកម្លាំងថៃ ដណ្តើមកាន់កាប់ទឹកដីខ្មែរដោយខុសច្បាប់

ភ្នំពេញ ៖លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់នូវរាល់សកម្មភាពនានា របស់កងកម្លាំងថៃនៅគ្រប់ទីតាំងដែលពួកគេបានដណ្តើមកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានលើកឡើងថា យោធាថៃបានពង្រឹងការកាន់កាប់ដោយខុសច្បាប់ដោយរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅក្នុងទីតាំងមួយចំនួនដែលពួកគេដណ្តើមកាន់កាប់ដោយកម្លាំងយោធាកាលពីក្នុងអំឡុងខែធ្នូ ឆ្នាំ២០២៥ ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងពោធិ៍សាត់ ។ លោកថា ក្រោយដណ្តើមកាន់កាប់ពួកយោធាថៃបានសាងសង់ប៉ុស្តិ៍យាមសង្កេតការណ៍ សាងសង់ផ្លូវ ជីកលេណដ្ឋាន និងសកម្មភាពឈូសឆាយដីជាដើម ។

លោកបន្តថា “រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់នូវរាល់សកម្មភាពនានារបស់កងកម្លាំងថៃ នៅគ្រប់ទីតាំងដែលពួកគេបានដណ្តើមកាន់កាប់ដោយខុសច្បាប់ តាមរយៈការប្រើកម្លាំងយោធា កាលពីអំឡុងខែធ្នូឆ្នាំ ២០២៥ កន្លងទៅ ហើយតែងតែតវ៉ាប្រឆាំងជំទាស់ជាផ្លូវការនូវរាល់សកម្មភាពទាំងឡាយ នៅលើទីតាំងទាំងនោះដែលជាការបំពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ដោយមិនរំលងសកម្មភាពណាមួយឡើយ” ។

អ្នកនាំពាក្យបញ្ជាក់ថា សកម្មភាពថ្មីៗរបស់កងកម្លាំងថៃ ដែលកម្ពុជាតវ៉ា គឺស្ថិតនៅលើទីតាំងដែលពួកគេឈរជើងនៅក្រោយបទឈប់បាញ់ ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គឺមិនមែនជាការរុលចូលកាន់កាប់ទឹកដីកម្ពុជាលើទីតាំងថ្មីទៀតឡើយ ។

បើតាមលោក ប៉ែន បូណា ការតវ៉ាជាផ្លូវការនេះ គឺជាកាតព្វកិច្ច និងមានសារសំខាន់មិនអាចខ្វះបានក្នុងការការពារបូរណភាពទឹកដីកម្ពុជា នៅត្រង់ថា ទី១. គឺជាសារព្រមានទៅភាគីថៃថា កម្ពុជាគឺជាម្ចាស់កម្មសិទ្ធិលើទីតាំងទាំងនោះ ដែលភាគីថៃមិនអាចប៉ុនប៉ងកាន់កាប់បានឡើយ។ ទី២. គឺជាឯកសារភស្តុតាងដែលមានតម្លៃគតិយុត្តិសម្រាប់ដោះស្រាយបញ្ហាបូរណភាពទឹកដីតាមច្បាប់អន្តរជាតិ។ ទី៣. ការតវ៉ានេះគឺជាការប្រកាសប្រាប់សហគមន៍អន្តរជាតិឱ្យបានដឹងលឺជាសាក្សី នៃការរំលោភបំពាន និងការប្រឆាំងជំទាស់ជាផ្លូវការរបស់ភាគីកម្ពុជា និងទី៤. លិខិតតវ៉ាទាំងនានា គឺជាការរក្សាអាជ្ញាយុកាលនៃវិវាទឱ្យស្ថិតនៅជាធរមានដើម្បីរង់ចាំដំណោះស្រាយពិតប្រាកដមួយនាពេលខាងមុខ ៕

To Top