ព័ត៌មានជាតិ

មន្ដ្រីនគរបាលខេត្តកំពតម្នាក់ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីគប់កែវស្រា លើអ្នកចាប់ទឹកកកឲ្យរងរបួស

ភ្នំពេញ ៖ មន្ដ្រីនគរបាលខេត្តកំពតម្នាក់ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីគប់កែវស្រា លើអ្នកចាប់ទឹកកកឲ្យរងរបួស ខណៈលោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ថា មន្ដ្រីរូបនេះ នឹងត្រូវអនុវត្តទោស ដោយគ្មានការលើកលែង ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ថា «មន្ត្រីជាអ្នកអនុវត្តច្បាប់ និងជាអ្នកបំរើប្រជាពលរដ្ឋដ៏ល្អ តែបើមន្ត្រីធុននេះគឺមិនមាននៅក្នុងវចនានុក្រមរបស់ខ្ញុំនោះទេ។ មន្ត្រីដែលផឹកស៊ីហើយ បានយកកែវគប់មកលើប្រជាពលរដ្ឋ និងត្រូវអនុវត្តទោសដោយគ្មានការលើកលែងជាដាច់ខាត»

សូមរំលឹកថា កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត ស្ត្រីម្នាក់ដែលមានឈ្មោះ ថា ទិត្យធូ ជាអ្នកស៊ីឈ្នួលចាប់ទឹកកកឲ្យភ្ញៀវតាមកម្មពិធីផ្សេងៗ ត្រូវបានមន្ត្រីនគរបាលម្នាក់ដែលគេស្គាល់ថា បំរើការងារនៅអធិការដ្ឋាននគរបាលក្រុងកំពត ឈ្មោះ ទេព សុខផេង បានគប់កែវស្រាចំកណ្ដាលមុខ បណ្ដាលឲ្យរងរបួស ត្រូវបានក្រុមកាងារបញ្ជូនទៅសង្រោះបន្ទាន់ភ្លាមៗ៕

To Top