អ្នកនាំពាក្យក្រសួងយុត្តិធម៌ ពន្យល់ករណីតុលាការ ចោទប្រកាន់អ្នកបើកម៉ូតូ បណ្តាលឱ្យអ្នក ជិះក្រោយស្លាប់
ភ្នំពេញ ៖ លោក សេង ឌីណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ ពន្យល់ពីករណីតុលាការ បានចោទប្រកាន់ លើអ្នកបើកបរម៉ូតូបង្ក គ្រោះថ្នាក់បណ្តាលឱ្យអ្នកជិះក្រោយ ស្លាប់បាត់បង់ជីវិត ។
ការពន្យល់នេះ ក្រោយឃើញមានការជជែក វែកញែកគ្នាច្រើន ជុំវិញករណីតុលាការចោទប្រកាន់ អ្នកបើកម៉ូតូបង្ក គ្រោះថ្នាក់បណ្តាល ឱ្យអ្នកជិះខាងក្រោយស្លាប់ នៅខេត្តព្រះវិហារ។

ពាក់ព័ន្ធករណីនេះ នៅថ្ងៃទី២១ មេសា អ្នកនាំពាក្យក្រសួងយុត្តិធម៌បានលើកឡើងអំពីទិដ្ឋភាពច្បាប់ខ្លះៗ ជុំវិញករណីនេះថា ការបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬដោយមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិចរាចរណ៍តម្រូវ ហើយបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់អ្នកដទៃ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែងក្នុងមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
លោកបន្តថា នៅក្នុងធាតុផ្សំនៃបទល្មើសនេះ, “អ្នកដទៃ” គឺសំដៅទៅលើគ្រប់បុគ្គលទាំងអស់ ក្រៅពីអ្នកបើកបរខ្លួនឯងផ្ទាល់ (ជនបង្ក) ដោយក្នុងនោះ រាប់ទាំងអ្នកដែលជិះជាមួយផង (អ្នករួមដំណើរក្នុងឡាន ឬអ្នកជិះពីក្រោយលើម៉ូតូ)។ ចំណុចសំខាន់ គឺត្រូវកំណត់ថា តើគ្រោះថ្នាក់បង្កឡើងដោយការធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬការមិនគោរព វិធានចរាចរណ៍ ដោយអ្នកបើកបរ ដែរឬទេ ដូចជា បើកបរក្នុងស្ថានភាពស្រវឹង ឬ បើកបរក្នុងល្បឿនលឿន ហួសការកំណត់ ជាដើម ហើយករណីនៅព្រះវិហារ, ការស៊ើបអង្កេត គឺផ្តោតលើចំណុចសំខាន់ ២ គឺ (១).បើកបរក្នុងល្បឿនលឿន លើផ្លូវគ្រួសក្រហម និង (២).បើកបរក្នុងស្ថានភាពស្រវឹង។
អ្នកនាំពាក្យបានលើកពីករណីនេះថា នៅបារាំងក៏មានករណីស្រដៀងគ្នានេះដែរ ដូចជាករណីកើតឡើង កាលពីឆ្នាំ២០២៣ ហើយដែលតុលាការទើបនឹងជំនុំជម្រះ និងចេញសាលក្រម កាលពីចុងខែមីនា ២០២៦ថ្មីៗនេះ ។ ក្នុងករណីនេះ, ជនបង្កបានបើកបើកម៉ូតូវ៉ាជែង ដោយធ្វេសប្រហែស ហើយទៅបុកឡានបណ្តាលឱ្យខ្លួនឯងរបួសធ្ងន់ធ្ងរ ។ ចំណែកមិត្តភ័ក្តិ ដែលជិះពីក្រោយលើម៉ូតូ ត្រូវស្លាប់បាត់បង់ជីវិត ។ តុលាការបារាំង បានសម្រេចផ្តន្ទាទោស អ្នកបើកម៉ូតូឱ្យជាប់ពន្ធនាគារ ពីបទ “មនុស្សឃាតដោយអចេតនា” ព្រមទាំងតម្រូវឱ្យសងជំងឺចិត្ត ទៅគ្រួសារជនរងគ្រោះ។
លោកថា ក្រៅពីបារាំង, ក៏មានករណីស្រដៀងគ្នានេះដែរ នៅប្រទេសផ្សេងទៀត ដូចជា ៖ ករណីនៅអង់គ្លេស៖ អ្នកបើកបរម៉ូតូ ដោយធ្វេសប្រហែស មិនគោរពវិធានចរាចរណ៍ បង្កគ្រោះថ្នាក់បណ្តាលឱ្យអ្នកជិះជាមួយស្លាប់ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំ និង៩ខែ ។ ករណីនៅអាមេរិក ៖ អ្នកបើកបរម៉ូតូក្នុងល្បឿនលឿន ហួសកំណត់បង្កគ្រោះថ្នាក់ បណ្តាលឱ្យអ្នកជិះជាមួយស្លាប់ ត្រូវតុលាការចោទប្រកាន់ ពីបទមនុស្សឃាត ដោយអចេតនា ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ មេសា យុវតីម្នាក់បានបើកបរក្នុងល្បឿនលឿនក្នុងស្ថានភាពស្រវឹងលើផ្លូវគ្រួសក្រហម នៅភូមិពើក ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ បានជ្រុលធ្លាក់ជង្ហុក បណ្តាលឱ្យដួលម៉ូតូរងរបួសទាំងពីរនាក់ ។ ចំណែកជនរងគ្រោះឈ្មោះ ជន ផា ជាប្អូនជីដូនមួយបានស្លាប់ នៅពេលបញ្ជូនដល់មន្ទីរពេទ្យ។ សាលាដំបូងខេត្តព្រះវិហារ បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌនេះ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ បើកបរដោយធ្វេសប្រហែស គ្នីគ្នា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច បណ្តាលឱ្យស្លាប់អ្នកដទៃ៕
