ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការចេះភាសាចិន គឺជាឧត្តមភាពប្រកួតប្រជែង ដ៏សំខាន់សម្រាប់យុវជនកម្ពុជា ក្នុងការចាប់យកកាលានុវត្តភាពការងារ និងការធ្វើធុរកិច្ចក្នុងសតវត្សទី២១។

ការលើកឡើងរបស់ លោក ហង់ជួន ណារ៉ុន នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ក្នុងពិធីអបអរសាទរ ទិវាភាសាចិនអន្តរជាតិ ឆ្នាំ២០២៦ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ប្រព្រឹត្តទៅនៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។

នាឱកាសនេះដែរ លោក ឧបនាយករដ្ឋមន្ត្រី បានអបអរសាទរ ទិវាភាសាចិន អន្តរជាតិ ឆ្នាំ២០២៦ និងបានលើកឡើងពីសារៈសំខាន់ នៃភាសាចិនដែលជាស្ពានយុទ្ធសាស្ត្រ ក្នុងការពង្រឹងមិត្តភាពដែកថែប និង កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ព្រមទាំងបានលើកឡើង ពីវឌ្ឍនភាពនៃការអប់រំភាសាចិន ដែលបានរីកដុះដាលយ៉ាងខ្លាំង នៅក្នុងប្រព័ន្ធអប់រំនៅកម្ពុជា។

ក្នុងន័យនេះ លោក ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា «ការចេះភាសាចិន គឺជាឧត្តមភាពប្រកួតប្រជែងដ៏សំខាន់សម្រាប់យុវជនកម្ពុជា ក្នុងការចាប់យកកាលានុវត្តភាពការងារ និងការធ្វើធុរកិច្ចក្នុងសតវត្សទី២១។ ចំណេះដឹងផ្នែកភាសានេះមិនត្រឹមតែជួយដល់ការអភិវឌ្ឍបុគ្គលប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ក្នុងការក្លាយជាប្រទេស ដែលមានចំណូលខ្ពស់ ព្រមទាំងបន្តថែរក្សាចំណងមិត្តភាពកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំថែមទៀត»។
លោក ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបានបន្តគាំទ្រដល់ការអភិវឌ្ឍ នៅកម្ពុជានាពេលកន្លងមក និងសូមថ្លែងអំណរគុណចំពោះដៃគូអប់រំ បុគ្គលិកអប់រំ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកលើកកម្ពស់ការអប់រំ និងជាពិសេសការអប់រំភាសាចិននៅកម្ពុជា ព្រមទាំងលើកទឹកចិត្តឱ្យក្មួយៗសិស្សានុសិស្សទាំងអស់ចាប់យកឱកាសនេះដើម្បីសិក្សារៀនសូត្រ ផ្លាស់ប្ដូរបទពិសោធ ដើម្បីអភិវឌ្ឍប្រទេសជាតិនាពេលខាងមុខ។

សូមជម្រាបថា ទិវាភាសាចិនអន្តរជាតិ គឺជាកម្មវិធីដែលគាំទ្រដោយស្ថានទូតចិនប្រចាំកម្ពុជានិងមជ្ឈមណ្ឌលសហប្រតិបត្តិការ ផ្លាស់ប្ដូរភាសាចិន-បរទេស នៃក្រសួងអប់រំចិន គឺជាវេទិកាដ៏សំខាន់មួយ ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ជំរុញលើកទឹកចិត្តដល់យុវជនក្នុងការសិក្សាភាសាចិន លើកកម្ពស់ការអប់រំភាសាចិននៅកម្ពុជា និងពន្លាតការផ្លាស់ប្ដូរ រវាងប្រជាជននិងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន៕
