កម្ពុជា-ចិន នឹងបើកកិច្ចប្រជុំ នៃកិច្ចសន្ទនា យុទ្ធសាស្ត្រ ២+២ ខណៈលោកវ៉ាង យី នឹងមកដល់កម្ពុជាស្អែកនេះ
ភ្នំពេញ ៖ ក្រសួងការបរទេសខ្មែរ បានប្រកាសថា កិច្ចប្រជុំលើកទី១ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិននឹងត្រូវធ្វើឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ស្អែកនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា តបតាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសខ្មែរ និងឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិ កម្ពុជា លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងលោក តុង ជុន រដ្ឋមន្ត្រីការពារជាតិ នៃ សាធារណរដ្ឋប្រជាមានិតចិន នឹងធ្វើជាសហប្រធាន នៃកិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ។

ប្រភពបន្តថា កម្ពុជា និងចិន បានឯកភាពគ្នាបង្កើតកិច្ចសន្ទនានេះ ក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា របស់លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីខែមេសា ឆ្នាំ២០២៥ ក្នុងគោលបំណងជំរុញទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់ ធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តផ្នែកនយោបាយ និងសន្តិសុខ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ។ យន្តការថ្មីនេះគឺជាវេទិកា ដ៏សំខាន់មួយ សម្រាប់ការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដើម្បីផលប្រយោជន៍រួម ។
ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ ឥស្សរជនជាន់ខ្ពស់ទាំងពីររូបនេះ ក៏នឹងចូលជួប សម្តែងការគួរសមដាច់ដោយឡែកពីគ្នាចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផងដែរ។

បន្ទាប់ពីកិច្ចសន្ទនា ២+២” លោក វ៉ាង យី ក៏នឹងបន្តបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ផងដែរ។ លោក នឹងមានជំនួបពិភាក្សាស៊ីជម្រៅជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ស្តីពីការជំរុញការអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនានា ដែលមានស្រាប់ និងការរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍក្នុង និងក្រៅតំបន់៕

