ព័ត៌មានជាតិ

លោក កើត រិទ្ធ ៖ មន្រ្តីអនុវត្តច្បាប់ ត្រូវពង្រឹងភាពម៉ឺងម៉ាត់ លើការអនុវត្តច្បាប់ប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ ៖ ដើម្បីធានាដល់ប្រសិទ្ធភាព នៃការអនុវត្តច្បាប់ ស្ដីពីការប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង យុត្តិធម៌បានសំណូមពរដល់សាលាជម្រះក្ដី និងអង្គការអយ្យការអមសាលា ជម្រះក្តីទាំងអស់ ត្រូវពង្រឹងភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់នេះ។

ក្នុងឱកាសអញ្ជើញ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ ស្ដីពីការប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ ក្នុងវិស័យយុត្តិធម៌ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ លោកកើត រិទ្ធ បានថ្លែងថា ការពង្រឹងភាពម៉ឺងម៉ាត់ក្នុងការ អនុវត្តច្បាប់ស្តីពីការប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាត្រូវធ្វើឡើង តាមរយៈការផ្ដល់កិច្ចសហការពេញលេញ និងគ្រប់ជ្រុងជ្រោយ ដល់អាជ្ញាធរមាន សមត្ថកិច្ចពាក់ព័ន្ធនឹងប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងការអនុវត្តច្បាប់ ឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់។

លោកបន្តថា ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងត្រូវត្រៀមលក្ខណៈ និងពង្រឹងតួនាទីគន្លឹះក្នុងការដឹកនាំ និងសម្របសម្រួលប្រតិបត្តិការ ប្រកបដោយភាពហ្មត់ចត់ ម៉ឺងម៉ាត់ និងត្រឹមត្រូវស្របតាមច្បាប់ និងនីតិវិធីជាធរមាន។
លោកបន្ថែមថា ត្រូវពង្រឹងភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ស្ដីពីការប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទាំងលើការផ្ដន្ទាទោសជនល្មើស ឱ្យបានតឹងរ៉ឹង ទាំងលើការប្រមូល និងរឹបអូសទ្រព្យសម្បត្តិកើត ចេញពីបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីចូលរួមចំណែកក្នុងការ អនុវត្តយុទ្ធនាការបោស សម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជារបៀបវារៈគោលនយោបាយ និងជាការប្ដេជ្ញាចិត្តឥតដកថយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

សូមបញ្ជាក់ថា ច្បាប់ស្តីពីការប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ។ ច្បាប់នេះមានគោលបំណងកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ៕

To Top