ព័ត៌មានជាតិ

ធនាគារពិភពលោក ប្ដេជ្ញាសហការជាមួយដៃគូអភិវឌ្ឍន៍ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំកញ្ចប់អន្តរាគមន៍ ឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិ

ភ្នំពេញ ៖ ធនាគារពិភពលោក បានប្ដេជ្ញាសហការជាមួយដៃគូអភិវឌ្ឍន៍សំខាន់ៗផ្សេងទៀត ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំកញ្ចប់អន្តរាគមន៍ ឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិឱ្យកាន់តែមានប្រសិទ្ធភាព។

នេះជាការលើកឡើងរបស់ លោកស្រី ថាញ៉ា ម៉ៃយ័រ (Tania Meyer) ប្រធានគ្រប់គ្រងធនាគារពិភពលោក ប្រចាំនៅកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២៦ ស្តីពីការវាយតម្លៃពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍នៃវិបត្តិ និងការត្រៀមខ្លួនរបស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិ។

ក្នុងជំនួបនោះ លោក អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងធនាគារពិភពលោក ក្នុងកិច្ចដំណើរការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជានៅគ្រប់ដំណាក់កាល និងបានថ្លែងអំពីតួនាទីដ៏សំខាន់របស់ធនាគារពិភពលោក ដែលមិនត្រឹមតែជាដៃគូអភិវឌ្ឍន៍ជាប្រពៃណីដ៏រឹងមាំរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងជាធនាគារចំណេះដឹង (Knowledge Bank) ដែលប្រមូលផ្តុំទៅដោយចំណេះដឹង ជំនាញ និងបទពិសោធន៍យ៉ាងសម្បូរបែបលើគ្រប់វិស័យទៀតផង។

ពាក់ព័ន្ធនឹងការឆ្លើយតបទៅនឹងវិបត្តិកន្លងមក, កម្ពុជាបានគិតគូរ និងដាក់ចេញនូវវិធានការដោះស្រាយជាបន្តបន្ទាប់ភ្លាមៗ ចាប់តាំងពីការរីលរាតត្បាតនៃជំងឺកូវីដ ១៩ កន្លងមក, បញ្ហានៅតាមព្រំដែនកម្ពុជា-ថៃ និងបន្តរហូតដល់សង្រ្គាមនៅមជ្ឈិមបូព៌ានាពេលនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន មកលើជីវភាពប្រជាជន, សកម្មភាពអាជីវកម្ម និងធានាស្ថេរភាពសង្គម-សេដ្ឋកិច្ចកម្ពុជា ។

ដោយឡែក, ចំពោះសង្រ្គាមនៅមជ្ឈិមបូព៌ានាពេលនេះ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ចំពោះនិរន្តរភាពនៃការផ្គត់ផ្គង់ថាមពល, រាជរដ្ឋាភិបាលបានចាត់វិធានការបន្ទាន់ រួមមាន ការចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ប្រេងម៉ាសូត និងឧស្ម័ន LPG ដែលបានធ្វើឱ្យ រាជរដ្ឋាភិបាលបាត់បង់ចំណូល ខណៈពេលដែលរាជរដ្ឋាភិបាល មានតម្រូវការប្រើប្រាស់ថវិកាបន្ថែម សម្រាប់គាំទ្រដល់ការងារគាំពារសង្គម។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ផងដែរថា លទ្ធផលនៃការសិក្សា របស់ក្រុមអ្នកជំនាញនៃធនាគារពិភពលោកនាពេលនេះ គឺជាធាតុចូលដ៏មានសារៈសំខាន់ដែលគ្របដណ្តប់ទាំងទិដ្ឋភាពគោលនយោបាយ និងទិដ្ឋភាពហិរញ្ញប្បទាន សម្រាប់រាជរដ្ឋាភិបាលពិនិត្យ និងរៀបចំកញ្ចប់អន្តរាគមន៍ ពិសេសជាក់ស្តែងក្នុងការឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិ ឱ្យកាន់តែចំគោលដៅ និងកាន់តែគ្រប់ជ្រុងជ្រោយ ប្រកបដោយភាពប្រាកដនិយម សហថាមភាព និងប្រសិទ្ធភាពខ្ពស់ ដែលនឹងអាចធានារក្សាបាននូវកំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព និងភាពធន់ សម្រាប់រយៈពេលមធ្យម និងវែង ។

ជាមួយគ្នានេះ, លោកស្រី ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា ក៏បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត របស់ធនាគារពិភពលោក ដោយសហការជាមួយដៃគូអភិវឌ្ឍន៍សំខាន់ៗផ្សេងទៀត ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំកញ្ចប់អន្តរាគមន៍ ឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ។

លោក ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណសារជាថ្មី និងវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងធនាគារពិភពលោក និងស្នើលោកស្រី ថាញ៉ា ម៉ៃយ័រ បន្តសហការ និងពិភាក្សាការងារជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍នានា រួមទាំងភាគីពាក់ព័ន្ធ ដើម្បីពន្លឿនការរៀបចំកញ្ចប់អន្តរាគមន៍ពិសេសនេះ ឱ្យលេចចេញជារូបរាងឡើង ដើម្បីអាចអនុវត្តបានក្នុងពេលឆាប់ៗខាងមុខនេះ៕

To Top