រាជរដ្ឋាភិបាល ចេញថ្លៃដឹកពលរដ្ឋ ទៅស្រុកកំណើត ថ្ងៃចូលឆ្នាំខ្មែរ ៣លានដុល្លារ
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានថ្លែងថា រាជរដ្ឋាភិបាលបានចំណាយថវិកាប្រមាណជា៣លានដុល្លារ សម្រាប់ចេញថ្លៃធ្វើដំណើរឱ្យប្រជាពលរដ្ឋទៅលេងស្រុកកំណើត នាឱកាសថ្ងៃបុណ្យចូលឆ្នាំខ្មែរកន្លងមកនេះ ។

ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២២ ខែមេសា លោក ប៉ែន បូណា បានលើកឡើងថា រាជរដ្ឋាភិបាលជួយចេញថ្លៃ ធ្វើដំណើរជូនប្រជាពលរដ្ឋប្រមាណ ៣លានដុល្លារ ក្នុងពេលចូលឆ្នាំថ្មី ។ លោកថា ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញ ដោយផ្ទាល់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំសេវារថយន្តក្រុងដឹកជញ្ជូនឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដែលធ្វើដំណើរទៅលេងស្រុកកំណើត អំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរកន្លងទៅនេះ។
អ្នកនាំពាក្យបញ្ជាក់ថា ក្នុងរយៈពេល៦ថ្ងៃ គិតចាប់ពីថ្ងៃទី១២-១៧ ខែមេសា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋចំនួនជិត១២ ម៉ឺននាក់ បានទទួលសេវាដឹកជញ្ជូន ដោយឥតគិតថ្លៃ។ ចំនួននេះ បានកើនឡើង ៣៩% ធៀបនឹងឆ្នាំកន្លងទៅ។
លោកបន្ថែមថា “ជាមធ្យម ពលរដ្ឋម្នាក់ត្រូវចំណាយថវិកាប្រមាណ ១០ម៉ឺនរៀល ឬ២៥ដុល្លារសម្រាប់ការធ្វើដំណើរទៅមកក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី។ ដូច្នេះ ការប្រើប្រាស់រថយន្តក្រុងដោយឥតគិតថ្លៃនេះ បានជួយសម្រួលបន្ទុកចំណាយសរុបប្រមាណ ១២ពាន់លានរៀល ឬស្មើនឹងប្រមាណ ៣លានដុល្លារសហរដ្ឋអាម៉េរិក”។

លោក ប៉ែន បូណា អះអាងថា ទឹកប្រាក់នេះ ត្រូវបានចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការចំណាយនានារបស់ប្រជាពលរដ្ឋនៅស្រុកកំណើត ជំនួសឱ្យការចំណាយទៅលើការធ្វើដំណើរដែលរដ្ឋជាអ្នកចេញជំនួស។ ដូច្នេះ វិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាលក្នុងការផ្តល់សេវាដឹកជញ្ជូនឥតគិតថ្លៃ មិនត្រឹមបានជួយសម្រាលបន្ទុក ចំណាយរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកាតាលីករជំរុញ ជួយលើកកម្ពស់ចំណូល របស់ប្រជាពលរដ្ឋនៅឯមូលដ្ឋានទាំងមូល ។
អ្នកនាំពាក្យសង្កត់ធ្ងន់ថា មកដល់ចំណុចនេះ ជនរួមជាតិបានយល់កាន់តែច្បាស់អំពីអត្ថន័យនៃប្រសាសន៍របស់ថ្នាក់ដឹកនាំដែលថា មិនត្រូវបណ្តោយឱ្យបញ្ហាព្រំដែនធ្វើឱ្យរាំងស្ទះដល់វិស័យផ្សេងៗទៀតដែលជាចរន្តសង្គម-សេដ្ឋកិច្ចនោះឡើយ៕
